ក្រុមមន្ត្រីបាននិយាយថា ព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតដែលវាយប្រហារភាគខាងកើតប្រទេសឥណ្ឌានិងបង់ក្លាដែសក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះបានសម្លាប់មនុស្សយ៉ាងតិច៨២នាក់។
ក្រុមមន្ត្រីបាននិយាយថា ការជម្លៀសមនុស្សទ្រង់ទ្រាយធំមុនពេលព្យុះស៊ីក្លូន Amphan បង្កឲ្យមានការបាក់ដីគឺបានជួយសង្គ្រោះអាយុជីវិតមនុស្សរាប់មិនអស់ប៉ុន្តែទំហំនៃការខូចខាតនិងចំនួនអ្នកស្លាប់ពិតប្រាកដនឹងត្រូវបានគេដឹងលុះត្រាតែប្រព័ន្ធទំនាក់ទំនងត្រូវបានស្តារឡើងវិញ។
នៅរដ្ឋ West Bengal នៃប្រទេសឥណ្ឌា ប្រធានរដ្ឋមន្ត្រីលោកស្រី Mamata Banerjee បាននិយាយថា មនុស្សយ៉ាងតិច៧២នាក់បានស្លាប់ហើយភាគច្រើននៃពួកគេត្រូវឆក់ខ្សែភ្លើងឬត្រូវបានសម្លាប់ដោយដើមឈើបាក់សង្កត់លើដែលបណ្តាលមកពីខ្យល់បក់ក្នុងល្បឿនរហូតដល់ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំណែកក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាង ចំនួនអ្នកស្លាប់ដំបូងត្រូវបានគេប្រកាសថាមានចំនួន១០នាក់។
គួរបញ្ជាក់ថា ប្រទេសទាំងពីរកំពុងប្រយុទ្ធតស៊ូរួចទៅហើយដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណាហើយអ្នកជម្លៀសខ្លះមានការស្ទាក់ស្ទើរក្នុងការចាកចេញពីផ្ទះព្រោះខ្លាចឆ្លងជំងឺនៅតាមមណ្ឌលជម្លៀស៕