ការចាប់ខ្លួនជនជាតិហ្វីលីពីនយ៉ាងតិច៥នាក់ដោយគ្មានដីកាត្រូវបានធ្វើឡើងដោយសារតែពួកគេបានគំរាមសម្លាប់លោកប្រធានាធិបតី Rodrigo Duterte តាមអនឡាញ។
កាលពីថ្ងៃទី១១ខែឧសភា ភ្នាក់ងារការិយាល័យស៊ើបអង្កេតជាតិបានចាប់ខ្លួនលោក Ronnel Mas អាយុ២៥ឆ្នាំជាគ្រូបង្រៀនសាលារដ្ឋដែលបានបង្ហោះ Twitter ថា លោកនឹងឲ្យលុយ៥០លានប៉េសូ (២,២០០,០០០ដុល្លារ) ដល់អ្នកណាដែលធ្វើឃាតប្រធានាធិបតី។
កាលពីថ្ងៃទី១២ខែឧសភា ប៉ូលិសនៅខេត្ត Cebu ភាគខាងត្បូងបានចាប់ខ្លួន Maria Ceron អាយុ២៦ឆ្នាំដោយសារផ្តល់ប្រាក់ចំនួន៧៥លានប៉េសូសម្រាប់ការងារឲ្យវាយប្រហារលើលោក Duterte។ ហើយនៅថ្ងៃទី១៩ខែឧសភា ប៉ូលិសបានចាប់ខ្លួនយុវជនម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះសម្រាប់ការបង្ហោះ Facebook ថា “លុយ២០០លានដល់អ្នកណាដែលសម្លាប់លោក Duterte។ យកក្បាលគាត់មកទីនេះនៅក្នុងភូមិ Barangay របស់ខ្ញុំ”។
ក្រុមអាជ្ញាធរកំពុងតាមរកអ្នកផ្សេងទៀតដែលបង្ហោះការគំរាមតាមអនឡាញដោយក្នុងនោះរួមមានមនុស្សម្នាក់ដែលបានស្នើសុំឲ្យក្រុមភេរវក Abu Sayyaf បាញ់សម្លាប់លោក Duterte ផងដែរ។
ការចាប់ខ្លួននេះបានកើតឡើងមួយខែបន្ទាប់ពីលោក Duterte បានបើកភ្លើងខៀវដល់ប៉ូលិសឲ្យបាញ់សម្លាប់អ្នករំលោភវិធានការបិទប្រទេស។
ប៉ូលិសក៏បានចាប់ខ្លួនអ្នករិះគន់ដទៃទៀតដែលជេរប្រមាថលោក Duterte នៅលើបណ្តាញសង្គមផងដែរ។ នៅថ្ងៃទី១៣ខែឧសភា លោក Reynaldo Orcullo អាយុ៤១ឆ្នាំដែលជាអ្នកលក់ឥវ៉ាន់ត្រូវបានចាប់ខ្លួនបន្ទាប់ពីសរសេរនៅលើ Facebook ថា លោក Duterte គឺជាមនុស្សល្ងីល្ងើ៕