បរិយមិត្ត ទំនងជាបានជ្រាបរួចមកហើយថា ពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3Fun ផេនខេក បានដឹកដៃគូស្នេហ៍ ដែលជាបុរសរូបសង្ហា វីឆៃ ចូលរោងការ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។
ពិធីមង្គលការនេះ បានប្រព្រឹត្ត និងរៀបចំធ្វើឡើង នៅវិមានពិភពថ្មី សែនសុខ អគារ F ជិតផ្សារទំនើប អ៊ីអន 2 ដោយគេសង្កេតឃើញ ផេនខេក ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងសម្លៀកបំពាក់កូនក្រមុំ ចំណែកឯកូនកំលោះ ក៏ស្រស់សង្ហា សក្ដិសមគ្នាណាស់។
ដោយឡែក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ស្រាប់តែមហាជន ពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ក្រោយពីទទួលដំណឹងថា ពួកគេ ទើបរៀបការសោះ ស្រាប់តែដើរដល់ផ្លូវបំបែក ដោយផេនខេក បានប្រកាសក្ដែងៗថា មិនមែនជាការសម្ដែងនោះឡើយ។
បង្ហោះភ្ជាប់ជាមួយរូបថតគូខ្វែងបង្ហាញពីចំណងស្នេហ៍បែកបាក់, ផេនខេក បានបញ្ជាក់នៅរសៀលថ្ងៃទី១៨ ខែមេសា ថា «6ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង2ស្រឡាញ់គ្នាខ្លាំងណាស់។(បញ្ជាក់មិនមេនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងញ៉ុមជំពាក់លុយគេទៀត)»។
បន្ថែមលើនេះ ផេនខេក បានបញ្ជាក់ក្នុងខំមិនថា «ត្រូវចាំថាយើងត្រូវតែទទួលស្គាល់ថាធម្មជាតិយើងជាអ្នកណា ហើយមួយទៀតយើងត្រូវកុំភ្លេចថា យើងជាមនុស្សម្នាក់ ដែលជាមនុស្សដែលមានសមត្ថភាពមានទាំងទេពកោសល្យ ហើយមនុស្សដែលយើងស្រឡាញ់គោរព មុនគេជាងអ្នកណាបង្ហោះគឺខ្លួនឯង ព្រោះបើយើងមិនស្រលាញ់មានភាពស្មោះត្រង់ ជាមួយខ្លួនឯងគ្មានអ្នកណា មកឱ្យតម្លៃស្រឡាញ់យើងទេ be strong my love, true love will come when the time is right»។
ជាមួយគ្នានេះ គេសង្កេតឃើញ សុភ័ក្ត្រ កុសុម៉ា បានចូលទៅលើកទឹកចិត្តថា «កុំគិតច្រើន ហើយក៏គួរកុំពិបាកចិត្តជាមួយអ្នក ដែលមិនស្រលាញ់យើង មិនអោយតម្លៃយើងដែរ ចាត់ទុកថាយើងជំពាក់កម្មគេ ហើយដល់វេលាដែលសងកម្មគេអស់ហើយ ស៊ូៗម៉ាប់ៗ»៕