កាលពីព្រលប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយឈ្មោះ «Hai Khmerkrom» បានបង្ហោះរូបថតគ្រូបង្រៀនម្នាក់បាត់បង់ជីវិត ហើយប្រាប់ឲ្យប្រជាជនខ្មែរពិចារណា មុននឹងសម្រេចចិត្តចាក់វ៉ាក់សាំងរបស់ចិននោះ។
គណនីហ្វេសប៊ុកនេះ បានបង្ហោះសារដូច្នេះថា «សូមប្រជាជនខ្មែរធ្វើការពិចារណាមុននឹងចាក់វ៉ាក់សាំងចិន ” អ្នកគ្រូទទួលមរណភាពហើយ ” 17/02/2021អ្នកគ្រូស្លូត សុភាព ជាជនគំរូ បង្រៀនសិស្សយ៉ាងល្អ បែរជាទទួលមរណភាពដោយសារចាក់វ៉ាក់សាំងបង្ការ ជំងឺកូវិដ Sinnorfarm របស់ចិនបាន២ថ្ងៃ។ ជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់ ផ្នែកបណ្ដុះបណ្ដាល។( អ្នកគ្រូ ឆន ណារី អាយុ21ឆ្នាំ នៅខេត្តក្រចេះ )គួរឲ្យសោកស្ដាយពន់ពេកហើយ»។
គេសង្កេតឃើញថា ក្រោយការបង្ហោះត្រឹមរយៈពេល២ម៉ោងប៉ុណ្ណោះ គិតត្រឹមម៉ោង១០និង២៨នាទីយប់ថ្ងៃដដែលនេះ មានការចាប់អារម្មណ៍ជាខ្លាំង ដោយគ្រាន់តែអ្នកReact ជាមេដៃបេះដូងរហូតដល់ជាង៤ពាន់, បញ្ចេញមតិជិត២ពាន់ និងចែករំលែកបន្តរហូតដល់ជាង៣ម៉ឺនដង។
ជុំវិញករណីនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចេញសារបដិសេធ នៅយប់ថ្ងៃដដែលនេះ ដោយបញ្ជាក់ថា អ្នកគ្រូរូបនេះ បាត់បង់ជីវិត ដោយសារជំងឺផ្សេង ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានគ្រូបង្រៀនណាម្នាក់ ចាក់វ៉ាក់សាំងនេះ នៅឡើយទេ។
លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ដូច្នេះថា «សូមអនុញ្ញាតជម្រាបជូនផងដែរ ក្រសួងសុខាភិបាល សូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយ ដោយមានការប្រឌិតនូវករណីនេះ ហើយតាមព័ត៌មាន ដែលក្រសួងទទួលបាន គឺគាត់មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះមិនបាន»។
លោកជំទាវ បន្ថែមថា «ចឹងក្រសួងសុខាភិបាលសូមចូលរួមចែករំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសព ហើយក៏សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ទៅលើការបំផុសប្រឌិតនូវព័ត៌មាននេះ ហើយដូចមានការបញ្ជាក់នៅលើអត្ថបទហើយ គឺមកទល់ពេលនេះ ការចាក់វាក់សាំងកូវីដ១៩ មិនទាន់បានផ្ដល់ជូនទៅដល់ក្រុមគ្រូបង្រៀននៅឡើយទេ មានន័យថា មិនទាន់មានគ្រូបង្រៀនណាម្នាក់ ដែលបានចាក់វ៉ាក់សាំងហ្នឹងនៅឡើយទេ»៕