កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ផលិតកម្មGalaxy Navatraតាមរយៈផេកផ្លូវការរបស់ខ្លួន បានលើកសរសើរកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ហើយបង្អាប់តារាមួយចំនួនទៀត ជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។
ផលិតកម្មដ៏ល្បីមួយនេះ បានស្ក្រីនសតបទល្បីរបស់លោកព្រាប សុវត្ថិ យកមកបង្ហោះ ភ្ជាប់ជាមួយសារលើកសរសើរ បែបនេះថា «ស៊េរីចាស់កុំចង់លេង ចង់រ៉េប ឬចេញច្រកណា ទប់បានម៉ាស្រឡាញ់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ លេងធ្ងន់ៗឈឺតែម្តង បីសប្តាហ៍ល្បីដល់ទៅ៨បទ វាគឺជាប្រវត្តិសាស្ត្រក្នុងវិស័យចម្រៀង ដែលមិនទាន់មានអ្នកណាអាចធ្វើបាន។
ខុសប្លែកពីតារាខ្លះល្បីមួយបទ អង្គុយអង្អែល ក្អេងក្អាង លោក ព្រាប សុវត្ថិ ដាក់ម្ដងល្បី ៨ បទ ផ្ទុះទាំងអស់ឲ្យស្គាល់ស៊េរីចាស់ តែបីសប្តាហ៍មានអ្នកចូលទស្សនាជាង២០លានដង»។
តាមរយៈនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានសម្ដែងមតិធ្វើការរិះគន់ឥតសំចៃ ចំពោះការបង្ហោះលើកតារារបស់ខ្លួន ហើយបែរជាទៅបង្អាប់តារាដទៃនោះ ប៉ុន្តែពួកគេភាគច្រើន មិនបន្ទោសទាំងស្រុងទៅលើផលិតកម្មនោះឡើយ ដោយពួកគេ ធ្វើការបន្ទោសទៅលើអ្នកកាន់ផេកផ្លូវការរបស់ខ្លួននោះថា ក្មេងអ្នកកាន់ផេក មានអំនួត ជាដើម។
ក្រោយពីការរិះគន់ច្រើនពីមហាជន, ផលិតកម្មGalaxy Navatra នៅថ្ងៃដដែលនោះ ក៏សម្រេចលុប ការបង្ហោះនេះចោលវិញ។ ជាការពិតណាស់ការលើកលោកព្រាប សុវត្ថិ ជារឿងមិនខុសនោះឡើយ ដោយសារតែបទរបស់កំពូលតារាចម្រៀងរូបនេះចេញច្រើន ហើយសុទ្ធតែមានការចាប់អារម្មណ៍ គាំទ្រលើសលប់ ពិតមែន ប៉ុន្តែការទៅបង្អាប់តារាផ្សេងទៀតនោះ វាមិនមែនជារឿង ដែលមហាជន រីករាយនោះឡើយ៕