សូមរំលឹកថា តារាចម្រៀង សុខ រក្សា និងតារាសម្តែងកុល ដាវី បានចូលរោងការ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ។
ក្រោយរៀបការ ពួកគេក៏ទទួលបានចំណងដៃកូនម្នាក់ជាដំណក់ឈាមរួមគ្នា តែគួរឲ្យសោកស្ដាយ កូននោះ អស់និស្ស័យជាមួយពួកគេ ធ្វើឲ្យពួកគេ កើតទុក្ខមិនស្ទើរនោះទេ។ ទោះយ៉ាងណា ពួកគេ ក៏បានចាប់ផ្ដើមសាងជីវិតជាថ្មី រួមរស់នៅជាមួយគ្នារហូតទទួលបានកូនម្នាក់ទៀត ដោយទើបតែកើតកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។
ក្រោយសម្រេចបំណង ដោយទទួលបានកូនដ៏គួរឲ្យស្រឡាញ់ហើយនោះ កាលពីពេលថ្មីៗនេះ កុល ដាវី បានត្រឡប់ទៅមើល៣ឆ្នាំមុន ក្នុងអំឡុងឆ្នាំ២០១៩ ពេល រូបនាង និងលោក សុខ រក្សា ជាស្វាមី ចូលរួមកម្មវិធី «ចម្រៀងគ្រួសារ»នោះ សម្ដេចតេជោ បានជូនពរពួកគេឲ្យឆាប់មានបុត្រ។
ពេលនោះ សម្ដេចតេជោ ជូនពរថា «សួស្ដីឆ្នាំថ្មី សម្រាប់ទាំងអស់គ្នា ដែលចូលរួមរាត្រីនេះ ដែលជារាត្រីដំបូងនៃឆ្នាំថ្មី។ អរគុណកូនៗ ដែលបានបន្លឺសំឡេងយ៉ាងពីរោះសម្រាប់មួយបទម្នាក់មុននេះ។ យកពេលនេះ ជូនពរគូស្វាមីភរិយាថ្មី សុខ រក្សា និងកុល ដាវី ជួបតែសេចក្ដីសុខ និងឆាប់មានបុត្រជាទីស្រឡាញ់។
៣ឆ្នាំក្រោយ ពេលសម្រេចបំណងហើយនោះ កុល ដាវី បានរំលឹកពាក្យជូនពររបស់សម្ដេចតេជោ ហើយបង្ហោះសារថា «ពាក្យជូនពររបស់សម្តេច ពុក និង សម្តេច ម៉ែ កាលពី3ឆ្នាំមុនពេលនេះពួកកូនធ្វើបានសម្រេចហើយកូនទាំងពីរព្រមទាំងចៅស្រី រក្សា វីនីតា សូមគោរពជូនពរ និង បួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនចំពោះសម្តេច ពុក សម្តេច ម៉ែ ជាទីគោរពស្រលាញ់ ដ៏ខ្ពង់ខ្ពស់ ពីកូនៗ»។
គួររំលឹកថា តារាសម្ដែង កុល ដាវី បានសម្រាលកូនប្រកបដោយសុវត្ថិភាព តាមបែបធម្មជាតិ កាលពីថ្ងៃច័ន្ទទី១១ ខែមេសា ឆ្នាំ២០២២ ម៉ោង១០និង១៥នាទីព្រឹក នៅសម្ភពអររៀនដា ដោយកូនស្រីរបស់នាង ត្រូវបានដាក់ឈ្មោះយ៉ាងពីរោះថា «រក្សា វីនីតា»៕