តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា ដែលគេស្គាល់ថា ជាភរិយារបស់អតីតតារាចម្រៀងលោក សាពូន មីដាដា កាលពី២៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានទម្លាយដំណឹងដ៏ក្ដៅគគុកមួយនៅលើបណ្ដាញសង្គម ដោយប្រកាសពីតម្រុយបែកបាក់គ្នាជាថ្មីជាមួយនឹងលោក សាពូន មីដាដា។ ដំណឹងនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់មហាជន។
កន្លងមកចំណងស្នេហ៍អាពាហ៍ពិពាហ៍ជាង១០ឆ្នាំរវាងលោក សាពូន មីដាដា និងតារាសម្ដែងអ្នកនាង សឿ សុធារ៉ា ត្រូវគេដឹងថា ធ្លាប់ជួបរឿងរ៉ាវប្រេះឆាផ្អើលពិភពសិល្បៈម្ដងរួចហើយ ប៉ុន្តែត្រូវបានផ្សះផ្សា និងរស់នៅជួបជុំគ្នាឡើងវិញ។
ដោយឡែកថ្មីៗនេះ ស្រាប់តែធ្លាយដំណឹងមួយទៀតថា អ្នកទាំងពីរ បានជួបរឿងរកាំរកូសជាថ្មីម្ដងទៀត បន្ទាប់ពីអ្នកនាង សឿ សុធារ៉ា បង្ហោះសំណេរមួយបង្ហាញពីតម្រុយបែកបាក់ និងប្រកាសឱ្យលោក សាពូន មីដាដា ប្រគល់កូនទាំងពីរឱ្យទៅខ្លួនមើលថែវិញតាមការសន្យា។
សំណេរសរសេរនៅលើហ្វេសប៊ុកសំដៅទៅកាន់បុរសជាស្វាមីគឺ សាពូន មីដាដា អ្នកនាង សឿ សុធារ៉ា បានរៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា ៖ «លាហើយសម្រាប់រយៈពេល១៥ឆ្នាំកន្លងទៅ, ហើយខ្ញុំនឹងមិនវិលត្រឡប់ទៅរកអ្នកវិញទេ។ សូមបងមេត្តារក្សាសម្ដីជាកូនប្រុសដើមទ្រូងប្រាំហាត់ ថាប្រគល់កូនៗអូនទាំងពីរមកឱ្យអូនមើលថែរក្សា»។
បន្ថែមលើនេះ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ សឿ សុធារ៉ា បានបង្ហោះសារមួយទៀត ផ្ដាំទៅ លោក សាពូន មីដាដា យ៉ាងទន់ភ្លន់ថា «បងត្រូវស្មោះទ្រាំ នាំផ្លូវទៅបំណងថ្លៃ គង់មាននារីដទៃ ដែលល្អភក្តីជាងអូន SPMDD»។
ដោយឡែក សាពូន មីដាដា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានបង្ហោះសារបញ្ជាក់ពីការចូលនិវត្ត ហើយចង់ទៅកន្លែងព្រះពុទ្ធត្រាស់ដឹង ដើម្បីបួសនៅទីនោះជារៀងរហូត និងផ្ដាំទៅកូនស្រីឲ្យបន្តតំណែងពីខ្លួន។
បង្ហោះរូបថតខ្លួនឯងជាមួយកូនស្រី សាពូន មីដាដា បានបញ្ជាក់ដូច្នេះថា «ឪ ចូលនិវត្តន៍ហើយ ប្រហែលជាទៅបួសរហូតនៅឯពុទ្ធគាយា ( កន្លែងព្រះពុទ្ធត្រាស់ដឹង ព្រំប្រទល់ប្រទេស ឥណ្ឌា នេប៉ាល់ ) ឯណោះ កូនស្រីត្រូវបន្តវេនបម្រើសិល្បះទី7របស់ជាតិយើងណាកូនមាសឪពុក»។
គួរបញ្ជាក់ថា អ្នកនាង សឿ សុធារ៉ា ត្រូវបានដឹងថា បានវិលចូលសិល្បៈវិញនៅក្នុងអំឡុង ឆ្នាំ២០២០ ក្រោយបាត់មុខពីអាជីពសម្ដែងអស់រយៈពេលជាង១០ឆ្នាំ។ ប៉ុន្តែទន្ទឹមនឹងការវិលរកអាជីពចាស់វិញនោះ សឿ សុធារ៉ា មិនសូវទទួលបានសន្តិភាពផ្លូវចិត្តប៉ុន្មានឡើយ ពោលគឺបានជួបព្យុះភ្លៀងជាច្រើនលើកច្រើនសាស្ទើរទ្រាំទ្រពុំបាន។
នាងបានជួបរឿងបំណុលជាច្រើន និងភាពរកាំរកូសក្នុងគ្រួសារជាហូរហែរហូតឈានដល់ប្រកាសចែកផ្លូវគ្នាថែមទៀតផង។ ដោយឡែក ភាគីលោក សាពូនមី ដាដា ហាក់រក្សាភាពស្ងៀមស្ងាត់នៅឡើយចំពោះបញ្ហានេះ។ តែនៅក្នុងរូបភាព ដែលលោកបង្ហោះជាច្រើនសន្លឹកមានរូបភាពមួយ មានអក្សរនៅលើរូបនោះ(អក្សរក្នុងបទចម្រៀង) ដោយបញ្ជាក់ថា «អ្នកធ្វើមិនដឹង មិនខ្វល់រឿងអ្វី»៕