អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីអូសហ្វេសប៊ុកចុះឡើង ប្រទះឃើញពិធីមង្គលការមួយ ដែលកូនស្រីមានវ័យជិត៥០ឆ្នាំទៅហើយនោះ បានរៀបការជាមួយកូនកំលោះ ដែលមានវ័យទើបតែជាង២០ឆ្នាំប៉ុណ្ណោះ។
ពិធីមង្គលការនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០១នេះ ដោយមានវត្តមានតារាមួយចំនួនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស មានដូចជាលោកអ៊ឹម ជីវ៉ា, នេនទុំ ជាដើម ហើយឆ្លៀតក្នុងឱកាសនោះ លោកអ៊ឹម ជីវ៉ា ក៏បានថតរូប និងថតវីដេអូ ធ្វើកិច្ចសម្ភាសន៍កូនក្រមុំផងដែរ។
លោកអ៊ឹម ជីវ៉ា បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសាររៀបរាប់បែបនេះថា «នារីៗមានអាយុច្រើនកុំទាន់ភ័យ! កូនកំលោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ៤៦ឆ្នាំ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សុត វណ្ណស្មាវី!»។
លោកអ៊ឹម ជីវ៉ា បានបន្តថា «ទោះបីខាងស្រីមានវ័យចំណាស់អាយុច្រើនជាង២០មែន តែក៏អាចឆ ក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្ធធ្វើថ្ងៃ ទី 18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល»។
ជាមួយគ្នានេះ លោកអ៊ឹម ជីវ៉ា ក៏បានបង្ហោះវីដេអូធ្វើកិច្ចសម្ភាសន៍ ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសរសេររៀបរាប់ថា «សំណាងគាត់មែន កូនកំលោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ៤៦ឆ្នាំ មេម៉ាយកូន៣ រៀបពិធីមង្គលការជាមួយគ្នាថ្ងៃនេះ! អតីតតារាចំរៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សុត វណ្ណស្មាវី ! សូមទស្សនាវីដេអូដូចតទៅៈ»។
តាមរយៈនេះ មតិមួយចំនួន បានលើកឡើងថា «កូនកំលោះអាយុប្អូនកូនក្រមុំ តែមើលទៅ វ័យគាត់សមគ្នានឹងកូនក្រមុំ ជូនពរអោយអ្នកទាំងពីរមានសុភមង្គលរហូតទៅ, តែមុខមាត់វ័យស្មើគ្នាសមជាគូជីវិតហើយ, អញ្ចឹងខ្ញុំនៅមានសង្ឃឹមហើយអ៊ំហាកូនកំលោះអាយុម្ភៃអីមុខប្រហាក់ប្រហែលកូនក្រមុំដែលមើលទៅស្រករគ្នាសោះហ្នឹង»។
គួរកត់សម្គាល់ថា តាមសំណេររបស់លោកអ៊ឹម ជីវ៉ា បានបញ្ជាក់ថា កូនកំលោះមានវ័យ២៣ឆ្នាំ ប៉ុន្តែក្នុងបទសម្ភាសន៍កូនកំលោះ បានឆ្លើយថា ខ្លួនមានវ័យ២៦ឆ្នាំ។ ទោះជាកូនកំលោះមានអាយុពិត២៣ ឬ២៦ឆ្នាំក៏ដោយ ក៏កូនក្រមុំមានវ័យច្រើនជាងកូនកំលោះខ្ទង់២០ឆ្នាំដដែល ប៉ុន្តែមើលទៅហាក់មានវ័យស្របាលគ្នាអញ្ចឹង៕