មហាជន បានជ្រាបរួចមកហើយថា នាយប្រុញ ជាក្មេងម្នាក់ ពូកែកំប្លែងស្ងួត ហើយវីដេអូ កំប្លែងរបស់រូបគេ ត្រូវបានចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក, ទីកតុក និងយូធូប ធ្វើឲ្យគ្រប់គ្នាសើចសប្បាយ។ ប៉ុន្តែកន្លងមក គេមិនដឹងថា ជីវភាពរបស់នាយប្រុញបែបណានោះឡើយ។
លុះពេលគេដឹងថា ជីវភាពនាយប្រុញ មានភាពលំបាកហើយនោះ គេសង្កេតឃើញមហាជនមានការអាណិតអាសូរជាច្រើន រហូតសប្បុរសជនមួយចំនួន បានជួយនាយជាបន្តបន្ទាប់ ធ្វើឲ្យមានជីវភាពប្រសើរមួយកម្រិត។
ទន្ទឹមនឹងនេះ នាយប្រុញ ក៏មានឱកាសការងារជាបន្តបន្ទាប់ លេខមុខលេចមាត់កាន់តែខ្លាំង ហើយល្បីថា នាយបានកែប្រែជីវភាពបានយ៉ាងលឿន ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយ ក៏សប្បាយចិត្តជំនួសដែរ ព្រោះ នាយប្រុញ ឆ្អឹងអណ្ដែតហើយ។
ទោះយ៉ាងណាស្រាប់តែនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បែរជាទទួលដំណឹងដ៏ភ្ញាក់ផ្អើលមួយថា តារាកំប្លែងវ័យក្មេងរូបនេះ សម្រេចចិត្តវេចសម្ពាធត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ព្រោះមិនអាចបន្តទ្រាំសម្ដែងតទៅទៀតបាន ដោយសារតែការថតកន្លងមក មិនទទួលបានប្រាក់កាសនោះទេ រហូតចុងក្រោយសុំតែរួចខ្លួនប៉ុណ្ណោះ។
ដំណឹងនេះ ត្រូវបានបែកធ្លាយតាមរយៈសំណេររបស់លោក ពេជ្រ ស្រស់ ដែលគេស្គាល់ថា ធ្លាប់ជាសប្បុរសជនមួយរូប ដែលធ្លាប់បានជួយយិតយោងនាយ ប្រុញ តាំងពីមុននាយឡើងមករាជធានីភ្នំពេញ រហូតមានផ្ទះសម្បែងសមរម្យឲ្យឪពុកម្ដាយរបស់នាយទៀតផង។ លោកបានចំណាយពេលមួយរយៈ ដើម្បីស្វែងយល់ពីបញ្ហានេះ រហូតតារាកំប្លែងវ័យក្មេងរូបនេះដាច់ចិត្តទម្លាយការពិតមួយចំនួន។
លោកពេជ្រ ស្រស់ បានបង្ហោះរូបថតជុំគ្នាជាមួយនាយប្រុញ មួយសន្លឹកនៅថ្ងៃទី២៣ ហើយរៀបរាប់ថា «ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញ ដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ
ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ។ នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកម្សត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។
ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផល ជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀតផង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ លោកពេជ្រ ស្រស់ បានធ្វើដំណើរទៅដល់ផ្ទះនាយប្រុញដោយផ្ទាល់ ហើយបង្ហោះវីដេអូមួយ ដោយចាក់ចំណងជើងថា «ជាលើកទីមួយ ដែលខ្ញុំបានមកលេងផ្ទះថ្មីក្មួយប្រុញ»៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖