បទចម្រៀងមួយបទ មានចំណងជើងថា «ក្រមុំឥឡូវចាស់ៗម្ល៉េះ» ពីកំពូលតារាចម្រៀងខេមរៈ សិរីមន្ត ត្រូវបានអ្នកគាំទ្រលើកសរសើរមិនដាច់ពីមាត់ ថា មានភាពពីរោះ ទាំងអត្ថន័យ និងបទភ្លេង ពិសេសមានមតិមួយនោះ ហ៊ានអះអាងថា បទនេះកក្រើកដល់ឋានទាំង៣ទៀតផង។
បទនេះ និពន្ធទំនុកច្រៀង៖ Avid Steinberg, និពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ ឈិត តេងរិទ្ធ, ដឹកនាំសម្ដែង៖ លោកស្រី គួយ ផល្លី, ថតដោយ៖ ឃុន រស្មី, រៀបចំការផលិត៖ ភុំ ធីតា បានចេញជាMVនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃដដែលនេះ បទនេះ ចេញរយៈពេលត្រឹម៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការចូលទស្សនាមានច្រើន រហូតដល់ជាង១០ម៉ឺនដង, អ្នកចុចពេញចិត្តជាង១ម៉ឺន, មិនពេញចិត្តប្រមាណ១០០ និងបញ្ចេញមតិជាង១ពាន់ឯណោះ។
បទនេះផងដែរ ត្រូវបានផលិតកម្មរស្មីបង្ហោះមាសបញ្ជាក់ថា ជាបទដំបូង ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយលោកខេមរៈ សិរីមន្ត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ ក៏បានបញ្ជាក់ជាមុនចំពោះវត្តមានបទនេះផងដែរ និងប្រាប់ឲ្យអ្នកគាំទ្រជួយដាក់ពិន្ទុផងថា ពីរោះ ឬមិនពីរោះនោះ។
ពេលបទនេះ ចេញហើយនោះ អ្នកគាំទ្រ ភាគច្រើន បានបញ្ចេញមតិលើកសរសើរចំពោះចម្រៀង១បទនេះ ថា ប្លែកអារម្មណ៍, មានភាពពីរោះ ទាំងអត្ថន័យ និងបទភ្លេង, MV ច្បាស់ល្អ, ស្ដាប់ហើយចង់រាំ ជាដើម។
ជាក់ស្ដែងពួកគេ បានលើកឡើងដូច្នេះថា «មកហើយៗអាយដលពីរោះណាស់ចេញបទចូលឆ្នាំអោយច្រើនៗមកអាយដល, ប្លែកអារម្មណ៍ទៀតហើយឆ្នាំនេះជាមួយបង សិរីមន្ត, ម្នាយអើយ ពីរោះម្ល៉េះហង្សមាស ចេញ១បទមកផ្ទុះកក្រើកអស់ឋានទាំង៣ អបអរចូលឆ្នាំថ្មី២០២១, ចេញមួយបទៗគឺថាកប់ ពីរោះហើយ MV កប់ទៀត ស្រលាញ់ហង្សមាសត្រង់ប៉ិនថត MV ច្បាស់ មើលទៅសប្បាយ, នេះបានហៅថាពីរោះ ទាំងអត្ថន័យ ទាំងបទភ្លេង មិនដូចបទអ្នកខ្លះចេញមកភ្លាវៗឲ្យតែបានៗ រកអត្ថន័យចម្រៀងមិនឃើញ, រង់ចាំយូហើយបង ពិតជាពីរោះណាស់ ឆ្នាំនឹងដឹងរាំហុយដីហើយ ស្តាប់ទៅចង់រាំណាស់»៕