ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានការបញ្ជាក់ពីលោកពេជ្រ ស្រស់ថា តារាកំប្លែងវ័យក្មេង នាយប្រុញ សម្រេចចិត្តត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ដោយសារតែការថតកន្លងមក មិនទទួលបានប្រាក់កាសនោះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសាររៀបរាប់ដូច្នេះថា «ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញ ដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ
ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ។ នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកម្សត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។
ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផល ជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀតផង»។
ក្រោយពីមានការផ្សព្វផ្សាយបែបនេះ បង្កការភ្ញាក់ផ្អើលនោះ ឧកញ៉ា សម្បត្តិ ដែលជាអ្នកធ្លាប់ផ្ដល់ការងារឲ្យ នាយប្រុញ នោះ បានចេញមុខឡាយវីដេអូ បកស្រាយ ដោយដាក់Captionថា «បកស្រាយពីព័ត៌មាន ដែលបុគ្គលម្នាក់និយាយពីបញ្ហា ប្អូនប្រុញវេចបង្វេចទៅស្រុក ដោយខ្ញុំមិនដឹងមូលហេតុដូចគ្នាបានគាត់សម្រេចចិត្តបែបនេះ»។
ទោះយ៉ាងណា នៅក្នុងវីដេអូនោះ លោកបានប្រតិកម្មទៅកាន់លោកពេជ្រ ស្រស់ តែមិនបាននិយាយចំឈ្មោះ ថា លោកពិតជាភ្ញាក់ផ្អើលមែនទែន ហើយបុគ្គល ដែលផ្សព្វផ្សាយនោះ ដូចជាប្រធានគណបក្សផង។ លោកថា លោកមិនដឹងថា ភាពចេះដឹងរបស់បុគ្គល ដែលផ្សព្វផ្សាយនោះកម្រិតណានោះទេ។
លោកបន្តថា គាត់ប្រហែលជាដឹងហើយថា ប្រុញ មានAdmin ហើយមានអាណាព្យាបាលផងដែរ។ អញ្ចឹងគួរណាស់តែសួរនាំទៅកាន់Admin របស់ប្រុញ ហើយមិនដឹងថា ការផ្សព្វផ្សាយនោះ ទទួលបានព័ត៌មានកម្រិតណា ផ្សព្វផ្សាយក្នុងន័យអ្វីនោះទេ។
លោកបន្តថា បើភាពចេះដឹងរបស់យើង យើងដឹងថាគាត់ជាអ្នកណា ហើយគាត់ត្រូវទាក់ទងទៅអ្នកណាគេ ឲ្យបានព័ត៌មានច្បាស់ ប្រហែលជាមិនមានផលប៉ះពាល់មកកាន់រូបលោកនោះទេ។
លោកបន្តទៀតថា ដោយសារតែឃើញថា ការខ្វល់ ដោយមិនគិតឲ្យបានគ្រប់ជ្រុងជ្រុងក្នុងការផ្សព្វផ្សាយ ធ្វើឲ្យមានផលប៉ះពាល់ខ្លាំងមែនទែន។ លោកថា នេះគ្រាន់តែជាប្រធានគណបក្សប្រកួតប្រជែងម្នាក់ មិនទាន់គ្រប់គ្រងប្រទេស បើគ្រប់គ្រងប្រទេស លោកមើលឃើញថា ប្រហែលជា ប្រទេសនេះ នឹងវិលទៅសម័យប៉ុលពតវិញហើយ៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖