ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈ ច្បាស់ជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ ផលិតកម្មGalaxy Navatraទើបតែបញ្ចេញបទចម្រៀងមួយបទ មានចំណងជើងថា «កំពូលអ្នកជិតខាង» ជាការចាប់ដៃគូច្រៀងឆ្លើយឆ្លងរវាងលោកខេម និងកញ្ញា តន់ ចន្ទសីម៉ា នោះ។
គេសង្កេតឃើញថា បទនេះ មានការឆ្លើយឆ្លងឌឺដងផ្លែផ្កាពាក្យសម្ដី ឈ្លោះគ្នារឿងចតឡានមុខផ្ទះ គ្មានការយោគយល់ អធ្រាស្រ័យគ្នា ក្នុងនាមជាអ្នកជិតខាងល្អនោះឡើយ ហើយវាក៏ត្រូវនឹងសាច់រឿងពិតមួយចំនួនក្នុងសង្គមនាពេលបច្ចុប្បន្នរបស់យើងនេះផងដែរ។
បទខាងលើនេះ ជាចម្រៀងភាគទី១ប៉ុណ្ណោះ ហើយនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ផលិតកម្មGalaxy Navatra ក៏បញ្ចេញចម្រៀង១បទទៀត តពីបទខាងលើ មានចំណងជើងថា «ប្ដឹងប៉ូលិស» ហើយឃើញថា មានការឌឺដងផ្លែផ្កាគ្នាមិនចាញ់បទទី១នោះឡើយ សូម្បីលោកយឹម តាស្រង់ ជាអ្នកនិពន្ធបទនេះ ក៏លើកអត្ថន័យចា ក់ដោតក្នុងបទនេះ មកខំមិនថា «អ្នកខ្លះនៅផ្ទះល្វែងសោះ ចរិតអស់ទាស់ដូចកូនសេដ្ឋី….»។
ទោះយ៉ាងណាបទនេះ មានខុសប្លែកពីបទមុនត្រង់ បទមុនឈ្លោះប្រកែកឌឺដងគ្នាមួយបទពេញ ចំណែកបទទី២នេះ មានការឌឺដងផ្លែផ្កាគ្នាតែដំបូងប៉ុណ្ណោះ ដល់វគ្គខាងស្រីជំរុញឲ្យទៅប្ដឹងនោះ តួប្រុស ក៏បន្ទន់ឥរិយាបថ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់រឿងក្នុងនាមជាអ្នកជិតខាងល្អនោះ។
ចំពោះអ្នកគាំទ្រវិញ បានបញ្ចេញយោបល់ចំពោះចម្រៀង១បទនេះថា «តន់ ចន្ទសីម៉ា មកលើកនេះបទ ឡូយៗណាស់ ចូលឆ្នាំថ្មី ត្រៀមខ្លួនចាំតែរាំទេ, សម្តែងសមណាស់ ជាពិសេសទំនុកច្រៀងល្អខ្លាំងណាស់, ពីរោះស្ទើរតែគ្រប់បទទៅហើយអត់សរសើរមិនបានទេ ពូកែនិពន្ធខ្លាំងណាស់, Galaxy លេងម៉ាទំហឹងហើយឆ្នាំនេះ, ម្ដងនេះឈ្លោះចាញ់អាយដល តន់ ចានសីម៉ាហើយ, អីយ៉ាស់ មានវគ្គ១ វគ្គ២ ទៀត ឌឺដងគ្នាសាហាវម៉ង ប្រយ័ត្នចុងក្រោយស្រលាញ់គ្នាទៅ ពីរោះណាស់»៕