អ្នកគាំទ្រ មួយចំនួនទស្សនាការឡាយផ្ទាល់ បានសម្ដែងការភ្ញាក់ផ្អើល ខណៈលេចវត្តមានតារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ នៅក្នុងព្រឹត្តិការណ៍ពិសេស! ការទទួលស្វាគមន៍តារាចម្រៀងឯកប្រចាំផលិតកម្ម រាម។
នៅក្នុងព្រឹត្តិការណ៍នោះ លោកដួង វីរៈសិទ្ធ ក៏បានបកស្រាយចម្រៀងមួយបទយ៉ាងពីរោះរណ្ដំឆ្លើយឆ្លងជាមួយកំពូលតារាចម្រៀងមាស សុខសោភា មានចំណងជើងថា «ស្នេហ៍ឆ្លងវេហា»។ ក្រោយបទស្រាយចប់ ក៏មានការបំពាក់កម្រងផ្កា ទទួលស្វាគមន៍តារាសំឡេងផ្អែមរូបនេះ មកកាន់ផលិតកម្មរាម ផងដែរ។
បើតាមលោក ប៉ែន ចំរ៉ុង និងកញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលជាពិធីករ ពិធីការិនី ក្នុងព្រឹត្តិការណ៍នោះ ក៏បានបញ្ជាក់ពីតួនាទីរបស់កំពូលតារាចម្រៀងមាស សុខសោភា នៅក្នុងផលិតកម្មរាមនោះផងដែរ គឺជាទីប្រឹក្សាជាន់ខ្ពស់ប្រចាំផលិតកម្មនេះផ្ទាល់តែម្ដង។
ឆ្លើយទៅនឹងសំណួររបស់លោកប៉ែន ចំរ៉ុង , លោកដួង វីរៈសិទ្ធ បានបញ្ជាក់ពីមូលហេតុនៃការឈានជើងចូលផលិតកម្មរាមនេះថា ដោយសារលោកចង់ផ្លាស់ប្ដូរបទពិសោធន៍ក្នុងអាជីពជាអ្នកសិល្បៈ ហើយក៏ដោយសារផលិតកម្មរាម មានឆន្ទៈក្នុងការលើកស្ទូយវិស័យសិល្បៈផងដែរ។
ជាមួយគ្នានេះ តារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ ក៏បានបញ្ជាក់ ដែរថា ការចូលមកផលិតកម្មរាមនេះ តាមរយៈការចុះកុងត្រារយៈពេលខ្លី ក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្មនេះផង ហើយក៏ជាអ្នកនិពន្ធបទភ្លេងផងដែរ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ តារាចម្រៀងមាស សុខសោភា ក៏បានបញ្ជាក់ពីវត្តមានរបស់ខ្លួននៅផលិតកម្មថ្មីនេះផងដែរថា «នៅថ្ងៃទី 19 ខែកុម្ភៈ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ការបើកសម្ពោធផលិតកម្មរាម
នាងខ្ញុំមានកាដូរជូនដល់បងប្អូន ដែលទន្ទឹងរង់ចាំបទចម្រៀងថ្មីនៅក្នុងផលិតកម្មថ្មី នឹងធ្វើការបង្ហោះជាសាធារណៈនៅក្នុងថ្ងៃនោះផងដែរ វេលាម៉ោង6pm តទៅសង្ឃឹមថាពុកម៉ែបងប្អូនគាំទ្រនៅបទថ្មីនិងទ្រនំថ្មីរបស់នាងខ្ញុំ បទនោះមានចំណងជើងថា ត្រលប់»។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាការឡាយផ្ទាល់ក្នុងព្រឹត្តិការណ៍នេះ រួមនឹងបទចម្រៀងរបស់កំពូលតារាចម្រៀងមាស សុខសោភា មានចំណងជើងថា «ត្រលប់» ទើបតែចេញជាផ្លូវការតាមការគ្រោងទុក ដូចខាងក្រោមនេះទាំងអស់គ្នា ៖