សូមរំលឹកឡើងវិញថា អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា។
អ្នកនាង ទ្រិញ ផល្លា ត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូន១ មានរូបសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងពូកែរកស៊ីទៀតផង។ លើសពីនេះ នាង ក៏ជាអតីតបេក្ខនារី ក្នុងកម្មវិធីដ៏ល្បីមួយ មានឈ្មោះថា កំពូលតារាបង្ហាញម៉ូដកម្ពុជា (Cambodia Next Top Model) ទៀតផង។
ចំពោះការសម្រេចជ្រើសរើស ជាគូអនាគត អ្នកនាង ផល្លា ធ្លាប់បញ្ជាក់ថា ដោយសារទង្វើល្អ និង អត្តចរិតរបស់Admin ជីងចក់ ហើយចាស់ទុំ មកមើលក៏ឃើញថា បុគ្គលម្នាក់ហ្នឹងល្អដែរ។ ម្យ៉ាងទៀត ពីមុនAdmin ជីងចក់ជា មនុស្ស ខូចនឹងស្រី ប៉ុន្តែតាំងពីស្គាល់គ្នាមក គាត់អត់ចេញចរិតព្រាននារីជាមួយអ្នកនាងនោះទេ មិនហ៊ានប៉ះពាល់ គាត់គោរពអ្នកនាងតែម្ដង គាត់ថា ទាល់តែបានរៀបការជាមួយគ្នា ទើបគាត់ហ៊ានប៉ះ។
ចំពោះ Admin ជីងចក់ វិញ ធ្លាប់បានបញ្ជាក់ពីការសម្រេចចិត្តជ្រើសរើស អ្នកនាង ផល្លា ជាស្ត្រីមេម៉ាយ មិនជ្រើសរើសក្រមុំ ជាគូអនាគតដែរថា មែនទែនទៅ បើនិយាយរឿងស្រី វាច្រើនៗមែនហើយ តែរកវាមិនជួបស្រី វាជួបតែញី ញីខ្វះអី មួយគគោកពេញភ្នំពេញ។
Admin ជីងចក់ បកស្រាយថា ញីវាមានអីក្រៅតែពីចេះតែចាយលុយ ប្រើសម្ភារៈនិយម របរអី ធ្វើខ្លួនតែប៉ុណ្ណឹង អត់មានចេះអីក្រៅពីធ្វើខ្លួនចាយលុយតែប៉ុណ្ណឹង នេះគេហៅថាញី។ ដល់ពេលស្រី ចេះធ្វើការងារផ្ទះ ចេះគោរពប្ដី ប្រតិបត្តិប្ដី ស្រឡាញ់គ្រួសារ ចេះទុកដាក់ អាហ្នឹងហើយគេហើយថាស្រី ស្រីប្រកបដោយកល្យាណី៣ប្រការ។
ទោះយ៉ាងណាក្រោយរៀបការ បានប្រមាណជាង៥ខែ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយ សារឆ្លើយឆ្លើយ ដោយឃើញ ប្រពន្ធAdmin ជីងចក់ ខឹងញ័រសាច់ រឿងលោកកំពុងមានទំនងស្នេហាជាមួយនារីខាងក្រៅ ខណៈរូបនាងជាប្រពន្ធកំពុងឈឺធ្ងន់នោះ។
នៅក្នុងសារសំឡេងបែកធ្លាយនោះ គេឃើញ ប្រពន្ធទទួលយកអត់បានឡើយចំពោះទង្វើនេះ។ ចំណែកAdmin ជីងចក់ បានធ្វើការសុំទោសទៅកាន់ភរិយាផងដែរ ដោយសារតែខ្លួនពេលហ្នឹងខ្លួនឆ្កួតមួយពេល ហើយប្រពន្ធខឹងញ័រមាត់ឆ្លើយទៅវិញថា អារម្មណ៍ឆ្កួតនេះមានប៉ុន្មានលានដងក្នុងជីវិតបង។
បន្ថែមលើនេះ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ភរិយាAdmin ជីងចក់ បានបង្ហោះសារទម្លាយរឿងAdmin ជីងចក់ ដើរឆាតគ្រប់ស្រីដើម្បីសុំដេក ជាមួយនឹងការដៀលកប់ៗមាត់ថា «បុគ្គលថោ,កទាបបំផុតមានប្រពន្ធហើយនៅដើរឆាតគ្រប់ស្រីសុំស្រីដេក ក្នុងពេលដែលប្រពន្ធឈឺធ្ងន់»។ លើសពីនេះ គេសង្កេតឃើញថា រូបថតជាមួយគ្នា ក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ក៏ភរិយាAdmin ជីងចក់សម្រេចលុបចោលអស់ដែរ។
ក្រោយមកទៀត នៅពេលគេសួរលើកជាសំណូមពរថា «ចានក្នុងរាវតែងតែប៉ះទង្គិចជារឿងធម្មតាហើយចែ តែសំខាន់យើងចេះយោគយល់អធ្យាស្រ័យគ្នា គ្មានអ្នកណាធ្វើអ្វីសុទ្ធតែត្រូវរហូតទេ ប្រុសណាមិនចេះខូច ចេះខូច ចេះកែប្រែកំហុស ចេះអត់អោនឧ្យគ្នាទើបមានសុភមង្គល មុននឹងសម្រេចចិត្តបែកគ្នាយើងត្រូវទៅមើលពេលវេលាល្អៗយើងធ្លាប់សាងរួមគ្នាពីរមុនមក»។
ជាការឆ្លើយតបអ្នកនាង ផល្លា បញ្ជាក់ថា «ខុសមិនដឹងខុស មិនកែទេ ថាប្រុសមានស្រីជារឿងធម្មតា, គាត់ឈប់អោយតំលៃយើងជាប្រពន្ធហើយ ព្រោះស្រីដែលយើងប្រាប់ថាឈប់ទាក់ទង នៅតែឆាតទៅ ហើយក៏ដឹងថាបើខ្ញុំដឹងខ្ញុំមិនលើកលែង តែនៅតែធ្វើ, បើខ្ញុំមិនឃើញឆាតដេកហើយមើលទៅ ព្រោះណាត់គ្នាហើយ»។
ជាមួយគ្នានេះ នៅពេលមានការផ្ដល់យោបល់ថា «ថាចឹងធ្វើអីបង បើគង់តែត្រូវគ្នាវិញ បញ្ហាតិចតួចដោះស្រាយគ្នាឯងបង តិចទៀតគាត់នៅតែជាប្តីរបស់បង ដដែលនឹង»នោះ អ្នកនាង ផល្លា បញ្ជាក់ច្បាស់ៗថា «អត់យកវិញទេ»។
ចំពោះការលើកឡើងមួយទៀតថា «មកពីការស្រលាញ់មិនមែនចេញពីចិត្ត» ស្រាប់តែអ្នកនាង ផល្លា តបថា «ព្រោះមុនដំបូងគេថា គេមិនភ្លើទេ វាមានឡាន មានផ្ទះ មានមុខរបបបានគេយក, មានប្រពន្ធហើយចោលសន្ដានមិនបាន»។
ងាកមក Admin ជីងចក់វិញ នៅក្នុងការឡាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីយប់មិញ ពេលមានគេសួរនាំច្រើនពីរឿងនេះ លោកមិនឆ្លើយឲ្យចំចំណុចឡើយ ដោយគ្រាន់តែជេរបែបលេងសើចទៅកាន់អ្នកគាំទ្រវិញ ដូចរាល់ដងអញ្ចឹង។
ទោះយ៉ាងណា នៅពេលគេបញ្ចេញយោបល់ថា «អីយ៉ា នៅសើចចេញនៅឡើយទេបង ស្មានតែឡើងជ្រញ់ហើយ» ស្រាប់តែ Admin ជីងចក់វិញ តបថា «បើធ្វើជ្រូកហើយ ខ្លាចទឹកក្ដៅចប់ហើយ បើបញ្ហា វាប្រុងនឹងកើត សួរថាយើងគេចទៅណា ចឹងបានថាជួបអីដោះហ្នឹងទៅ ចង់យកគេចទៅដល់១០០គីឡូដីទៀត ក៏រឿងហ្នងវាតាមយើងដែរ ចឹងបានថា ជួបបញ្ហាអីដោះរឿងហ្នឹង»។
ដោយឡែកនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ស្រាប់តែមានសន្ទុះនៃការចង់ដឹងរឿងលោកកើនឡើងនោះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គមរូបនេះ បានបង្ហោះសារថា «តាំងពីម្សិលមិញដល់ថ្ងៃនេះ មានអ្នកAdd friends និង Followers មកលើអាខោនខ្ញុំជិត150Kហើយ។ ខ្មែរចង់ដឹងរឿងខ្មែរ»។
ងាកមកអ្នកនាងផល្លា នៅរសៀលថ្ងៃដដែលនេះ បានស៊ែរវីដេអូ លោកគ្រូ ម៉ិច សីហា និយាយពី «សម្ពាធអារម្មណ៍ដៃគូ ក្នុងវិបត្តិគ្រួសារ» ជាមួយនឹងការប្រកាសក្ដែងថា «សម្ពាធអារម្មណ៍ វិបត្តិផ្លូវចិត្ត មិនអាចទទួលយកបានទៀតទេនៅជាមួយមនុស្សមិនស្មោះត្រង់ ស្អែកម៉ោង7 8 យប់ ខ្ញុំនឹងឡាយលិខិតលែងលះ!»។
តាមរយៈនេះ អ្នកគាំទ្រមួយចំនួន បានសំណូមពរឲ្យគិតឡើងវិញ ថា «គិតអោយច្បាស់ផងជេ, ការលើកលែងទោស ជាក្តីសុខ និងសុភមង្គលណាបង! មនុស្សអ្នកណាក៏ធ្លាប់ខុស តែបងសាកផ្តល់ចំនួននៃការលើកលែងទោសទៅប្រសិនបើគាត់មិនកែ ១ ២ ឬ៣ បើគាត់មិនអាចធ្វើបានទេ បងធ្វើតាមចិត្តបងចុះ ខ្ញុំសុំលើកទឹកចិត្តបងទាំងពីរ ត្រូវគ្នាវិញ, កុំអីអាណិតពូចក់ គាត់ហូបក្រៅខ្លះមិនអីទេ, កុំអីសោ សម្រួលគ្នាទៅផ្តល់ឱកាសគាត់ម្តងទៅ»។
ចំណែកមួយចំនួនទៀត បានលើកឡើងថា «មានពេជ្រក្នុងដៃហើយ មិនចេះថែរក្សា បែរជាស្រវាដុំថ្ម សប្បាយមួយពេលទុក្ខមួយជីវិត ចឹងហើយបានចាស់ៗ តែងនិយាយថាកុំស៊ីតាមឃ្លានកុំហ៊ានតាមចង់, លើកលែងពេកគេបានចិត្ត ហើយធ្វើរឿងដដែល ដោយលែងក្រែងចិត្តយើង, ចែអើយបើគេមិនអោយតម្លៃយើងចាកចេញ, មនុស្សប្រុសមិនចេះឆ្អែតទេរឿងស្រី ទោះប្រពន្ធស្អាតយ៉ាងណាក៏នៅតែខូច»។
ចំពោះAdmin ជីងចក់ រហូតមកដល់ម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ មិនទាន់ធ្វើការឆ្លើយតបបែបណា ចំពោះការសម្រេចចិត្តរបស់ភរិយា ក្នុងការប្រកាសឡាយលិខិតលែងលះគ្នានៅយប់ស្អែកនេះនោះទេ៕