ប្រិយមិត្តអ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយថា តន់ ចន្ទសីម៉ា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ ជម្នះគ្រប់ឧបសគ្គ ដុសខាត់ខ្លួនឯង រហូតក្លាយគ្រាប់ពេជ្ររបស់ផលិតកម្មGalaxy Navatraរហូតមកដលល់សព្វថ្ងៃនេះ។
បច្ចុប្បន្នសីម៉ា កំពុងលេចធ្លោខ្លាំងណាស់លើវិថីសិល្បៈ ហើយរាល់បទចម្រៀងរបស់នាង មិនថាច្រៀងទោល ឬ ចាប់ដៃគូជាមួយតារាចម្រៀងរូបណានោះទេ ភាគច្រើនសុទ្ធតែទទួលបានការគាំទ្រច្រើនសឹងមិនគួរឲ្យជឿ។ ទោះជាបែបនេះក្ដី ក៏នាងគេចមិនផុតពីមតិរិះគន់មួយចំនួន ពីសំណាក់អ្នកមិនពេញចិត្តនាងនោះឡើយ។
ដោយហេតុនេះហើយ កាលពីរសៀលម៉ោងជាង៣ម្សិលមិញនេះ ស្រាប់តែសីម៉ា បានបង្ហោះសារលើកទឹកចិត្តដ៏មានអត្ថន័យថា «អ្នកដាក់ខ្លួនបន្តិច មានអ្នកមិនអោយតម្លៃ អ្នកទន់ភ្លន់បន្តិច មានអ្នកមើលមកអ្នកទន់ជ្រាយ អ្នកចាប់ផ្តើមរឹងមាំ មានអ្នកថាអ្នកមានអំនួត អ្នកចាប់ផ្តើមអោយតម្លៃខ្លួនឯង មានអ្នកថាអ្នកអួត
តែអ្នកត្រូវចាំថាបើអ្នកមិនចេះអោយតម្លៃខ្លួនឯងផង តើមានអ្នកណាមកអោយតម្លៃអ្នកនោះ ធ្វើចិត្តអោយរីករាយ ហើយញញឹមទៅកាន់ពួកគាត់ គាត់មិនបានឃើញសុបិនរបស់អ្នក គាត់មិនបានមកសាងសុបិនជាមួយអ្នក នោះគាត់ប្រាកដជាមិនបានដឹងថាអ្វីជាសុបិនរបស់អ្នក គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ»។
តាមរយៈអត្ថន័យខាងលើនេះ អ្នកគាំទ្រ បានបញ្ចេញយោបល់ជាច្រើន ក្នុងនោះពួកគេ បានលើកឡើងថា «សំខាន់ពេលនេះសីម៉ាជោកជ័យហើយ, មនុស្ស១០ចិត្ត១០យើងមិនអាចតម្រូវបាននោះទេ, សំខាន់យើងមានសុបិនរបស់ខ្លួនឯង, ផ្គាប់អ្វីបាន តែបើផ្គាប់ចិត្តមនុស្សគឺគ្មានថ្ងៃផ្គាប់ត្រូវឡើយ, ចេះនិយាយគួរសម សូមគោរព ដែលច្រៀងពីរោះ ហើយការនិយាយស្តីបានល្អ, មនុស្សម្នាក់ៗមិនអាចផ្គាប់ចិត្តអ្នកទាំងអស់គ្នាបានទេមានស្រឡាញ់មានស្អប់សំខាន់យើងធ្វើឲ្យគេស្រឡាញ់យើងឱ្យបានច្រើនទើបជាការប្រសើរហើយប្អូនស្រីគឺជា Idol របស់ខ្ញុំ»។
ងាកមកចាប់អារម្មណ៍ គុយលីចម្រៀងពលករឯណោះវិញ នៅម៉ោងជាមួយគ្នា ក្រោយសីម៉ា បង្ហោះប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែលោក បានបង្ហោះរូបជាមួយតន់ ចន្ទសីម៉ា ចេញសម្បុរឡើងខ្មៅទាំង២ ហើយសរសេរCaptionបែបលេងសើច រំសាយទុក្ខកង្វល់ថា «ហេតុតែស្រលាញ់គាំទ្រ idol បាយទឹកអត់ហ៊ានហូបទេ នៅចាំសុំលុយidol ទិញបាយហូបហាហា»។
ឃើញបែបនេះ អ្នកគាំទ្រ ក៏ដាក់ម្នាក់មួយម៉ាត់ថា «កាមេរ៉ាម៉ាកអីបានថតអាយដលខ្ញុំខ្មៅម្លេះ, គុយលីហ្នឹងយ៉ាប់មែនមិនដឹងយកកាមេរ៉ាទូរសព្ទអីមកថតសីម៉ារបស់ខ្ញុំខ្មៅជាងគុយលីទៀត, ចុមខ្មៅជាងបងគុយលី ទៀត ចែម្នាក់ហ្នឹង, អគុណCamera, កាត់ឆុង, ខ្មៅកប់ម៉ងខាងស្រី, ពិតជាមានន័យណាស់, សក់ស្អាតណាស់បង»៕