ប្រិយមិត្តមួយចំនួន ប្រហែលជាជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ តារាល្បីៗជាច្រើនដួង រួមនឹងម្ចាស់ប្រេនធំៗមួយចំនួន បានលេចវត្តមានក្នុងពិធីមង្គលការរបស់ម្ចាស់ប្រេនសម្រស់ ធារ៉ា។ ការលេចវត្តមានតារាល្បីៗក្នុងពិធីនេះ ធ្វើឲ្យមានចម្ងល់កើតឡើងផងដែរ។
ចំពោះតារាល្បីៗ ដែលចូលរួមក្នុងពិធីមង្គលការនេះ មានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា, លោកព្រាប សុវត្ថិ, អ្នកនាង សុគន្ធ និសា, អ្នកនាង ចាន់ កែវនិមល, កញ្ញា សុភ័ក្ត្រ កុសុម៉ា, កញ្ញា ផន ស្រីខួច ជាដើម។ ចំណែក ម្ចាស់ហាង ប្រណិតនារីកាត់ដេរ , អ្នកនាង តយ ម្ចាស់ប្រេនដ៏ល្បីមួយរូប ក៏លេចវត្តមានក្នុងពិធីនេះ ជាមួយនឹងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតផងដែរ។
កញ្ញាកុសុម៉ា បានបង្ហោះរូបជាច្រើនសន្លឹកនៅថ្ងៃនោះ អមដោយសារបញ្ជាក់យ៉ាងខ្លីថា «មិនធម្មតានោះទេ១រោងនេះ សុទ្ធតែតួលំដាប់ប្រទេស»។ ចំណែកអ្នកនាង ចាន់ កែវនិមល នៅថ្ងៃដដែលនោះ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារយ៉ាងខ្លីដែរថា «ជូនតាមសំណើសម្រាប់បងប្អូនចង់ឃើញរូបពេលនៅកម្មវិធី»។
ដោយឡែកកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិញ ទើបតែបង្ហោះរូបថតនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយធ្វើការបញ្ជាក់ថា «ព្រោះរវល់ពេក មិនទាន់បានផុស ឥឡូវសុំផុសជូនបងប្អូនឲ្យអស់តែម្ដង អរគុណរ៉ូបពីហាង សុផលកាត់ដេរ រូបថត រួមជាមួយការៀបចំតន្ត្រី ពី KOSOMA ENTERTAINMENT »។
ដោយឃើញកំពូលតារាចម្រៀងស្រី ដែលជាអាយដលរបស់ខ្លួនបង្ហោះរូប និងសារអរគុណ បែបនេះនោះ សុភ័ក្ត្រ កុសុម៉ា ក៏ចូលទៅខំមិនថា «អរគុណធំៗណាស់បងស្រី🙏🏻🙏🏻 ស្រលាញ់ណាស់»។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះផងដែរ យើងសង្កេតឃើញថា កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានច្រៀងឆ្លើយឆ្លងគ្នាជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលធ្លាប់រួមទ្រនំជាមួយគ្នាអស់រយៈពេលជាយូរផងដែរ។
ចំពោះអ្នកគាំទ្រ ដោយឃើញអាយដល ស្លៀកពាក់ពណ៌ដូចៗគ្នាបែបនេះ ក៏លាន់មាត់សរសើរថា «ពាក់ពណ៌ដូចគ្នាអីចឹង ស្អាតណាស់, ស្អាតណាស់បងកញ្ញាអាយដលប្អូនតាំងពីក្មេងមក, ស្អាតៗណាស់បងៗ, ស្រលាញ់ គាំទ្រ និងគោរព, បងកញ្ញាស្អាត តែបងកុសុម៉ាញញឹមស្រស់ស៊ីដាច់មួយរោង, ស្អាតណាស់មួយឆុតនឹង, បងៗស្អាតទាំងអស់ តែចាញ់បងកុសុម៉ា ស្អាតជាង»។
ចំណែកមតិមួយចំនួនទៀត មានការងឿងឆ្ងល់ ក៏បានបញ្ចេញយោបល់ក្រោមការបង្ហោះរបស់កញ្ញា សុភ័ក្ត្រ កុសុម៉ា ថា «មួយ show នេះត្រូវចំណាយអស់ប្រហែលប៉ុន្មានទៅ បើសុទ្ធកំពូលតារាបែបនេះ ចង់ដឹងណាស់, មួយរោងនេះ គ្រាន់តែអញ្ជើញសិល្បករមក អស់លុយមិនតិចម៉ឺន$ទេ»៕