ក្រោយពីលែងលះជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០មកនោះ, លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ីលី ជាម្ចាស់ហាងលក់មាសពេជ្រ និងការាសសាំងនៅផ្រសាចំបក់ ខេត្តតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។
ក្រោយភ្ជាប់ពាក្យពួកគេ សុទ្ធតែពោលពាក្យសរសើរពីអនាគតភរិយា ស្វាមី រៀងៗខ្លួន ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។ លើសពីនេះ លោក ឌួង ឆាយ ឧស្សាហ៍នាំអនាគតភរិយារបស់ខ្លួនរូបនេះ ដើរលេងប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល។ ថ្មីៗនេះ ថែមទាំងនាំទៅដើរលេងនៅឌូប៉ៃទៀតផង។
បន្ថែមលើនេះ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ឌួង ឆាយ បានបង្ហោះវីដេអូ មួយ បង្ហាញសកម្មភាពអនាគតភរិយារបស់លោកឈរនៅពីក្រោយចាំផ្ដល់កម្លាំង ស្របពេលលោកកំពុងអង្គុយធ្វើការយ៉ាងមមាញឹកនោះ។
តាមរយៈវីដេអូ ដ៏ផ្អែមល្ហែមនេះ មានអ្នកគាំទ្រជាច្រើន បានលើកសរសើរ និងជូនពរលោកឲ្យស្រឡាញ់គ្នាដល់ចាស់សក់ស្កូវ, ដល់ចាស់កោងខ្នង ជាដើម។ ទោះយ៉ាងណា មានខំមិនមួយចំនួនបានលើកឡើងនូវរឿងអតីតកាល ធ្វើឲ្យអតីតឧកញ៉ារូបនេះ ក្ដៅស្លឹកត្រចៀក ឆ្លើយតបភ្លាមៗតែម្ដង។
លោក ឌួង ឆាយ ឆ្លើយតបតាមខំមិនថា «ពួកអស់លោកមួយចំនួនតូចបំផុត។ បើមិនពេញចិត្តកុំមើលហើយកុំយកអតីតកាលខ្ញុំមកនិយាយ។ ខ្ញុំរស់នៅអនាគតកាល មិនបាននៅអតីតកាលទេ ហើយជាសិទ្ធិសេរីភាពក្នុងការបញ្ចេញ និងបង្ហោះនៅលើទំព័ររបស់ខ្ញុំ។ គិតតែខ្លួនអស់លោកអោយល្អ និងមានអនាគតល្អទៅបានហើយណា។»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖