ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រឿងរ៉ាវរបស់Adminជីងចក់ ឆាតញ៉ែស្រី ដល់ទៅ២១នាក់ ត្រូវបានភរិយាបើកកកាយឲ្យមហាជនដឹងជាសាធារណៈ ក្លាយជាប្រធានបទដ៏រសើប ស្របពេល អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ល្បីស្រីច្រើនផងនោះ។
ទន្ទឹមទៅនឹងការបើកកកាយនេះ អ្នកនាង ទ្រិ ផល្លា ក៏បានប្រកាសឈប់ទទួលយកAdminជីងចក់ ផងដែរ។ តែពេលប្រកាសនោះ គេមិនទាន់ច្បាស់១០០ភាគរយ នោះឡើយ ព្រោះអាចជាអារម្មណ៍ខឹងមួយពេល។
លុះដល់Adminជីងចក់ឡាយវីដេអូ បែរជាលើករឿងអាយដលរបស់ខ្លួនមានសង្សារដល់ទៅ២៧នាក់ គាត់ធ្វើដូចរឿងធម្មតា ហើយខ្លួនគ្រាន់តែឆាតជាមួយស្រី មានទាំងបានអីផង ទើបធ្វើឲ្យអ្នកនាង ផល្លា កាន់តែច្បាស់ក្នុងចិត្ត ក៏ឡាយវីដេអូ ឆ្លើយតបភ្លាមៗ ដោយលើកឡើងថា ពីបំណងទុកឱកាសឲ្យ ចាំមើលកែប្រែអីខ្លះ មានអីលើសដើម ទើបសម្រេចថា លែងទទួលយកតែម្ដង។
ងាកមកAdminជីងចក់វិញ ក្រោយដឹងថា ភរិយាលែងទទួលយករហូតឡាយប្រកាសលែងលះជាផ្លូវការនោះ, លោកពិតជាមានអារម្មណ៍សោកស្ដាយ និងសោកសៅខ្លាំងណាស់ ដោយក្នុងពេលឡាយធ្លាប់តែសើចសប្បាយ ប្រែក្លាយជាសើចលែងសម។
លើសពីនេះ Admin ថែមទាំងចង់ទៅបញ្ចប់ជីវិត ដោយវិធី២យ៉ាង ទី១ លោតទឹក ទី២ទៅបួស ហើយនៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ស្រាប់តែឃើញលោកបង្ហាញវត្តមាននៅលើស្ពានជ្រោយចង្វារមែនទែន ហើយបង្ហោះរូបថត១សន្លឹក និងសារបញ្ជាក់ថា «រង់ចាំក្រុមការងាររៀបចំកន្លែងលោតVIPអោយ»។
ទោះយ៉ាងណា ពេលនេះ លោក បានផ្លាស់ប្ដូរការគិតហើយ រួចបង្ហោះរូបថត១សន្លឹកដាក់« is feeling sad at បឹងយក្សឡោម ខេត្ត» នៅម៉ោងជាង១១ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ភ្ជាប់ជាមួយសារដ៏ចាប់អារម្មណ៍ថា «រឿងគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុនឹងផល ការពិតនៅតែជាការពិត វានឹងលាតត្រដាងចេញមកដោយឥតប្រកែកបាននៅពេលណាមួយ។ ស្ងៀមស្ងាត់ជាជាងស្រដីសម្រាប់ខ្ញុំពេលនេះ»។
បន្ថែមលើនេះ បុរស ដែលហៅខ្លួនឯងថា ជានាគក្បាល៨រូបនេះ បានបញ្ជាក់ជំហររបស់ខ្លួនឡើងវិញ តាមរយៈខំមិនថា «ពូមិនច.ង.ក មិនលោតទឹកទេ ព្រោះមានកញ្ញា កញ្ញាវត្តភ្នំនៅចាំពូច្រើនណាស់ កុំបារម្ភ។ ពួកគាត់គឺជាកម្លាំងចិត្ត»។
គួរបញ្ជាក់ថា ក្រោយពីរឿងរបស់ខ្លួនឆាតជាមួយស្រី ត្រូវភរិយាទម្លាយ ក្លាយជាប្រធានបទដ៏រសើបសម្រាប់អ្នកគាំទ្រនោះ, នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ Adminជីងចក់ បានឡាយវីដេអូ ដោយដាក់ចំណងជើងថា «ម៉ោះ….ដល់ម៉ោងLiveបកស្រាយ…»។
នៅក្នុងវីដេអូឡាយនោះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ បាននិយាយថា គ្រាន់តែខ្លួនមានរឿងភ្លាម មានអ្នកតាមដានកើនឡើង ដោយអ៊ែដផង Followផង ព្រោះជាធម្មតា អាខោនរបស់ខ្លួនកម្រមានមនុស្សស្រីអ៊ែដមកណាស់ ដោយសារអត់ចេះមើលបាល់ តែ២ថ្ងៃនេះ ដូចទឹកបាក់ទំនប់អញ្ចឹង។ ឥឡូវឡើងដល់150K Followហើយ។ អញ្ចឹងមានន័យថា អ្នកតាមដានច្រើនពីរឿងជីវិតឯកជនរបស់ខ្លួន។ អញ្ចឹងបានថា ខ្លួនមានមោទកភាព។
បន្ថែមលើនេះ Adminជីកចក់ បាននិយាយបែបលេងសើចថា ឥឡូវគ្រាន់តែអ្នកចាំ រីខត វីដេអូនេះ ១៥០អង្គភាព ហើយថ្ងៃមិញសូម្បីតែសារព័ត៌មានល្បីៗទូទាំងពិភពលោកដូចជា Reuters, CNN, BBC ចង់សម្ភាសន៍ជាមួយខ្លួន ទាក់ទងនឹងជីវិតឯកជន តែខ្លួនបិទមិនផ្ដល់បទសម្ភាសន៍ទេ ខ្លួនមិននិយាយអ្វីទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងពេលកំពុងនិយាយនោះ ស្រាប់តែអ្នកគាំទ្រម្នាក់ ខំមិនថា «ពូចក់ស្រីច្រើន» ស្រាប់តែបុរសជាប់ឈ្មោះជាព្រាននារីរូបនេះ តបថា «ពូដូ មានសង្សារ២៧នាក់ គាត់ធ្វើដូចរឿងធម្មតា ហើយពូគ្រាន់តែឆាត គ្មានបានអីបន្តិចផង…មើលអាយដលនៅពីក្រោយ២៧នាក់ មុននឹងបានភរិយារបស់គាត់រាល់ថ្ងៃនេះ»។
Adminជីកចក់ បានបន្ត ដោយលើកពាក្យសម្ដីCristiano Ronaldoមកបញ្ជាក់ថា អញ្ចឹងបានថា គាត់និយាយហើយថា គាត់មិនចា.ក់សា.ក់, មិនជ.ក់បា.រី, មិនលេងល្បែ.ង, មិនផឹ.កស្រា តែវ៉ៃ.ស៊ិ.ច។ អញ្ចឹងបានខ្លួនគាំទ្រគាត់ណាស់ អត្តចរិតត្រង់ហ្នឹង ដោយខ្លួនគាំទ្រចូល២០ឆ្នាំជាងហើយ ដែលខ្លួនស្រឡាញ់ ចូលចិត្ត នូវទស្សនៈវិស័យរបស់គាត់។
ក្រោយឃើញស្វាមីខ្លួននិយាយបែបនេះនោះ នៅយប់ថ្ងៃដដែល ស្រាប់តែអ្នកនាង ផល្លា ធ្វើការឡាយឆ្លើយតប ដោយលើកឡើងថា មនុស្សយើងការអត់ធ្មត់មានកំណត់, មនុស្សស្រឡាញ់ឲ្យតម្លៃរបស់មនុស្ស អត់បំពាន ហើយអត់បំផ្លាញទឹកចិត្តទេ ព្រោះគេឲ្យយើងទៅអស់។ ប្ដីប្រពន្ធ គ្រួសារ ពាក្យថាឲ្យអស់ គឺភាពស្មោះត្រង់តែមួយម៉ាត់គ្រប់គ្រាន់ហើយ។
អ្នកនាងផល្លា បន្តថា អញ្ចឹងបើយើងយកប្រពន្ធហើយ យើងលះបង់មិនបាន នូវសន្តានរបស់យើង ឬភាពស្រេកឃ្លានត,ណ្ហារបស់យើងអត់បាន យើងកុំទាន់យក តែបើយកហើយយើងត្រូវលះបង់ឲ្យអស់ឈប់បន្ត មិនមែនយកប្រពន្ធហើយ រៀបការដល់កន្ទេលហើយ យើងយករឿងមានស្រី មកជារឿងធម្មតា អត់ត្រូវទេ។
ជាមួយគ្នានេះ អ្នកនាង ផល្លា បានលើកដៃសំពេះ សួរអ៊ំ ពូមី លោកយាយលោកតាថា នៅក្នុងសង្គមមួយនេះ នៅក្នុងស្រុកខ្មែរមួយនេះ តើអ្នកណាគាំទ្រ ដែលប្ដីមានប្រពន្ធហើយ, ប្រពន្ធមានប្ដីហើយ នៅមានការផិតក្ប,ត់មិនស្មោះត្រង់ ប្ដីទៅមានស្រី ប្រពន្ធទៅមានប្រុស តើលោកតា លោកយាយ អ៊ំ ពូ មីង មួយណា ដែលគាត់នៅគាំទ្រទង្វើមួយនេះ?
ជាមួយគ្នាការសួរនេះ អ្នកនាងផល្លា បានលើកហេតុផលឆ្លើយតបនឹងទង្វើស្វាមីខ្លួនថា ព្រោះបុគ្គលមួយនេះ គាត់មានប្រពន្ធហើយ គាត់ឆាតទៅសុំស្រីទៅដេកម្ដង២០នាក់ គាត់ធ្វើជារឿងធម្មតា គាត់និយាយថា ជារឿងធម្មតារបស់គាត់ គាត់ទៅនិយាយតាមអាយដលរបស់គាត់។
និយាយដល់ចំណុចនេះ អ្នកផល្លា បន្តបន្តថា ទទួលស្គាល់Ronaldo មុននឹងមានប្រពន្ធគេខូចឆ្អែតហើយ គេមានសង្សារ២៧នាក់ មិនមែនគេមានប្រពន្ធហើយ បានមានសង្សារ២៧នាក់នោះទេ។
បន្ថែមលើនេះ អ្នកនាង ផល្លា បានលើកជាសំណួរថា ហេតុអ្វី បានខ្លួនមានប្រពន្ធ រៀបការស្របច្បាប់ ក្រាបក្បាលដល់កន្ទេលហើយ ទៅជាយករឿង ដែលខ្លួនឯងមានស្រីទៅជារឿងធម្មតា អត់ខ្មាសអៀនក្នុងសង្គម អត់មានកិត្តិយសក្នុងសង្គម មានមោទកភាពទៅលើខ្លួនឯងថាខ្លួនឯងល្បី មានអ្នកតាមដានរឿងឯកជនខ្លួនឯងច្រើន មានអ្នកចាំមើលខ្លួនឯងច្រើន មានសារព័ត៌មានល្បីៗចាំសម្ភាសន៍ខ្លួនឯងច្រើន ហេតុអ្វី បានមានមោទកភាពលើខ្លួនឯង ទាំងដែលខ្លួនឯងកំពុងសាងរឿងដែលសង្គមគេមិនទទួលស្គាល់ ហេតុអ្វីបានអញ្ចឹង ចេះខ្មាសអត់ ឬអត់ចេះខ្មាសទេ។
ជាមួយគ្នានេះ អ្នកនាង ផល្លា ទម្លាយថា Adminជីងចក់ ដើរធ្វើស្រី១ឆ្នាំ អស់៦ម៉ឺនដុល្លារ ដើរធ្វើស្រីឡើងកើតជំងឺប្រមេះទឹកបាយ ហើយខ្លួនយកមកព្យាបាលទាល់តែជា។ ក្នុងនោះ អ្នកនាង ផល្លា បានរំលឹករឿង Adminជីងចក់ឡាយស្លៀកសារុងថា ពេលនោះ កំពុងមានជំងឺខាងលើនេះ៕