ប្រិយមិត្ត បានជ្រាបរួចមកហើយថា វិវាទរបស់នាយ ប្រុញ ពាក់ព័ន្ធនឹងការថតមិនទទួលបានប្រាក់កម្រៃ និងចំណែករថយន្ត ត្រូវបានរកច្រកចេញឃើញហើយ ក្រោយភាគីទាំងសងខាងបានជួបគ្នា កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។
តាមការបញ្ជាក់របស់ឧកញ៉ាសម្បត្តិនាពេលនោះ, ភាគីទាំងពីរ បានប្រើប្រាស់មធ្យោបាយឈ្នះ ក្រោមការសម្របសម្រួលរបស់លោកផ្ទាល់។ លោកបានបញ្ជាក់ថា បញ្ហាកើតឡើងដោយសារមានការយល់ច្រឡំលើគ្នា ហើយពួកគេបានទទួលស្គាល់កំហុសរៀងខ្លួន។
លោកឧកញ៉ាសម្បត្តិបានបញ្ជាក់ដូច្នេះថា ៖ «ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ប្អូនប្រុញ និងAdmin គង់ កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រឡំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី»។
លោកឧកញ៉ា បានបន្តទៀតថា «ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កាន ដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្តិ៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ។ ហើយលទ្ធផលប្អូនគង់កាន ក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នា ទៅប្រុញដោយផ្ទាល់ដៃ»។
ចំពោះរថយន្តវិញ លោកឧកញ៉ាចិត្តធម៌រូបនេះ បញ្ជាក់ថា «ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះ តែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់។ ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ និងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចម្ងល់»។
បន្ថែមលើនេះ នៅយប់ថ្ងៃដដែល ឧកញ៉ា សម្បត្តិ បានបញ្ជាក់ទៀតថា «ខ្ញុំនឹងបង្ហាញវីដេអូពីការដោះស្រាយជម្លោះជាង3ម៉ោងរបស់ពួកគាត់ ដើម្បីឈានដល់ទទួលបានដំណោះស្រាយឈ្នះៗទាំងសងខាង បញ្ហាកើតចេញមកពីរឿងតូចបំផុតគឺការយល់ច្រលំគ្នាទៅវិញទៅមក»។
ជាមួយគ្នានេះ ឧកញ៉ា សម្បត្តិ បានបញ្ជាក់ពាក់ព័ន្ធនឹងការងារពួកគេថា «ខ្ញុំនៅតែរក្សាAdmin គង់កានអោយបំរើការងារដដែរ ហើយរក្សា ប្រុញដូចគ្នា តែពេលនេះប្រុញបានត្រលប់ទៅផ្ទះវិញ ព្រោះនាំរថយន្តទៅអោយដល់ផ្ទះ (តៃកុងឡាននិងជំនួយការខ្ញុំបានទៅជាមួយ) បើពួកគាត់ត្រជាក់រៀងៗចាប់ដៃគ្នាពេលណា ខ្ញុំនឹងបង្ហាញ តែបើគាត់ធ្វើរៀងៗខ្លួន ក៏ជាការសម្រេចចិត្តរបស់ពួកគាត់»។
លោកឧកញ៉ា បានរំលឹកដល់ពួកគេថា «មុនឈ្លោះគ្នា បែកបាក់គ្នាត្រូវរំលឹកអោយដល់ការចាប់ផ្តើម អ្វីក៏គ្មាន នៅតែអាចធ្វើបានរហូតមានលទ្ធផល អញ្ចឹងហើយកុំងាយបោះបង់គ្នាអោយសោះ។ មនុស្សត្រូវមានគុណធម៌ គុណធម៌ពិតមិនធ្វើអោយជីវិតលិចលង់នោះទេ»។
តាមរយៈដំណោះស្រាយនៅថ្ងៃនេះ នាយប្រុញ ត្រូវបានគេមើលឃើញថា ជួបគ្រោះប្រែជាទទួលបានលាភមកវិញហើយ។ ជាក់ស្ដែងបញ្ហារថយន្ត ដែលធ្លាប់មានចំណែក៣នាក់នោះ ប្រែជានាយជាអ្នកទទួលបានផ្ដាច់តែម្នាក់ឯងដូចការអះអាងពីខាងដើមរបស់ឧកញ៉ាខាងលើ។
ទោះយ៉ាងណា ងាកមកអតីតAdminរបស់នាយប្រុញវិញ មុនពេលដោះស្រាយបញ្ចប់នោះ ត្រូវបានគេយល់ច្រឡំម្ដងរួចមកហើយថា កេងប្រវ័ញ្ចកម្លាំងញើសឈើមរបស់ប្រុញ រហូតដលោក បញ្ជាក់សារបញ្ជាក់ថា «ខាងក្រោយនេះ គឺជាផ្ទះខ្ញុំ ដែលបានសាងសង់មុនពេលខ្ញុំថតប្អូនប្រុញទៀតហើយពេលនេះផ្ទះនៅតែទម្រង់ដដែលដូចមិនមានការអភិវឌ្ឍទៅណាសោះ! ខ្ញុំនៅតែថ្ងៃដើរស្រាតទេ! បន្តិចទៀតនេះខ្ញុំនឹងធ្វើការផូសនូវអ្វីដែលខ្ញុំបានធ្វើជូនប្រុញទាំងកណ្ដាលយប់ក៏មានថ្ងៃក៏មាន»។
លុះពេលដំណោះស្រាយត្រូវបានបញ្ចប់វិញ អ្វីៗត្រូវបានលើប្រុញទាំងអស់ ហើយAdminដ៏កម្សត់ម្នាក់នេះវិញ បានត្រឹមបង្ហោះវីដេអូមួយ បង្ហាញពីការមើលថែកូនម្ដង២នាក់ ដោយដាក់ចំណងជើងថា «ប៉ាបានចំណាយពេលជាច្រើនជាមួយអ្នកដទៃតើខាតបង់អីបើគ្រាន់តែចំណាយពេលជាមួយកូនខ្លះ»។
អ្វី ដែលកាន់តែធ្វើឲ្យមហាជនអាណិតថែមទៀតនោះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ លោកគង់ កាន បានបង្ហោះវីដេអូមួយទៀត ដោយកំពុងយំ ក្រោមដំណក់ភ្លៀងខ្លាំង ទោះមានក្រុមការងារមកលួងលោមប៉ុណ្ណាក៏មិនបាត់,ឲ្យទៅផ្ទះក៏មិនទៅ សួរនាំមូលហេតុអ្វីក៏មិនឆ្លើយ គិតតែពីអង្គុយយំ។
នៅក្នុងការបង្ហោះវីដេអូនេះ អតីតAdminរបស់នាយប្រុញ បានដាក់ចំណងជើងយ៉ាងកម្សត់ថា «ជីវិតខ្ញុំពេលនេះធ្លាក់ដល់ចំណុចសូន្យហើយ អរគុណ ដែលគ្រប់គ្នាមិនបោះបង់ខ្ញុំ តែខ្ញុំធ្វើចិត្តមិនបាន»។ តាមរយៈនេះ មានអ្នកគាំទ្រជាច្រើនសម្ដែងការអាណិត ខណៈអ្នកខ្លះទៀត ថាគិតថា ជាការសម្ដែង៕