រឿង«ដើម្បីកូន» ជាសាច់រឿងមួយមានតម្លៃអប់រំល្អ មើលប៉ុន្មានដងក៏ហូរទឹកភ្នែកនោះដែរ ដោយសារតែការអាណិតចំពោះតួអង្គឪពុក ដែលតស៊ូគ្រប់បែបយ៉ាងដើម្បីកូនរបស់ខ្លួន។ ប៉ុន្តែលោកហ៊ុយ យ៉ាឡេង កំពុងធ្វើការប្រតិកម្មចំពោះអ្នកយករឿងនេះទៅបង្ហោះបន្តបំពានកម្មសិទ្ធិបញ្ញា។
រឿងនេះ បានបង្ហោះចូលទៅក្នុងឆានែលរបស់លោកហ៊ុយ យ៉ាឡេង ឈ្មោះ«KAKTHACHEY» កាលពីពេលថ្មីៗកន្លងទៅនេះ ហើយគិតមកត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអ្នកទស្សនាសរុបជាង៣០ម៉ឺនដង ជាមួយនឹងការបញ្ចេញមតិប្រមាណជា១ពាន់។
លោកហ៊ុយ យ៉ាឡេង ដែលជាផលិតកររឿងនេះ ក៏បានសរសេរនៅក្នុងDescription ធ្វើការសង្ខេបរឿងនេះដូច្នេះថា «សង្ខេបរឿងខ្លី ជាខ្សែរភាពយន្ត ដែលដកស្រង់ពីជីវិតពិតរបស់ឪពុកធាក់ស៊ីក្លូពិកាជើងម្ខាងម្នាក់ដែលប្រឹងចិញ្ចឹមជីវិតដើម្បីកូនពីរអ្នកដែលប្រពន្ធយកមកបោះបង់ចោលនៅកែងវត្តឧណ្ណាឡោម ឆាកជីវិតកម្សត់ការតស៊ូដើម្បីចិញ្ចឹមកូន២អ្នកអោយបានរស់ត្រូវបានចាប់ផ្តើម ឪពុកខ្លួនពិការតែចិត្តមិនបានពិការឡើយ ព្រឹកជួយដឹកជញ្ជូនអីវ៉ាន់គេដាក់ផ្សារចាស់ រួចហើយចេញទៅរត់ស៊ីក្លូ ឆ្លៀតរើសអេតចាយ យប់ជួយរ៉ឺយ៉ែឡានគេ ស្ពាយកូនពៅជាប់ខ្លួន និងប្រឹងដើម្បីអោយកូនស្រីបងបានចូលរៀនកុំអោយល្ងង់ដូចខ្លួន
ចុងក្រោយកូនធ្លាក់ខ្លួនឈឺ មើលមិនជា ឪពុកប្រឹងអស់ពីខ្លួន រហូតលក់ស៊ូក្លូ លក់ឈាម ដើម្បីប្តូរយកថវិកាទិញថ្ន ាំអោយកូន តើការតស៊ូលំបាកយ៉ាងណាដើម្បីរស់ របស់ជីវិតអ្នកក្រ នោះលោកអ្នកនិងបានឃើញនៅក្នុងខ្សែភាពយន្ត ដែលមានចំណងជើងថា ដើម្បីកូន»។
ជាមួយគ្នានេះ ផលិតករដ៏ល្បីរូបនេះ ក៏បានបញ្ជាក់ដែរថា រឿងនេះ រក្សាសិទ្ធិដោយៈ កថាជ័យភាពយន្ត កថាជ័យភាពយន្តសូមធ្វើការរក្សាសិទ្ធិរាល់វីដេអូ ដែលបានបង្ហោះនៅក្នុងផេក និង យូធូបឆានែលទាំងអស់ ប្រសិនបើមានវីដេអូណាមួយក្នុងឆានែលយូធូប ពួកយើងសូមធ្វើការ REPORT ដើម្បីអោយលុបជាបន្ទាន់។ សូមអរគុណសម្រាប់ការគាំទ្រ និង ការទស្សនា។
ទោះជាលោក បានធ្វើការបញ្ជាក់នៅក្នុងDescription បែបនេះក៏ដោយ ក៏នៅតែមានបុគ្គលមួយចំនួនបានដោនឡូតរឿងនេះ ទៅបង្ហោះបន្តនៅក្នុងផេករបស់ខ្លួន ជាហេតុធ្វើឲ្យលោកហ៊ុយ យ៉ាឡេង (កឋ ជ័យ) មានការប្រតិកម្មយ៉ាងខ្លាំង។
លោកហ៊ុយ យ៉ាឡេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ កឋា ជ័យ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ដូច្នេះថា «កម្មសិទ្ធិបញ្ញា ពាក្យនេះប្រហែលបងប្អូនខ្លះមិនទាន់យល់ទេ បងប្អូនដែលស្គាល់ម្ចាស់ផេកទាំងនេះឬបងម្ចាស់ផេកផ្ទាល់បើសិនបានឃើញសូមលុបជាបន្ទាន់ ខ្ញុំបានចំណាយពេលផលិតទាំងកម្លាំង និងថវិកាហើយខ្ញុំបាទបានមានចិត្តជ្រាសថ្លាបង្ហោះភាពយន្ត
ដូចនេះបងប្អូនមិនគួរដោនឡូតយកទៅបង្ហោះបន្តឡើយបងប្អូនគ្មានកម្មសិទ្ធិបញ្ញាឡើយបើបងប្អូន ចង់ចែករំលែកបន្ត សូមមេត្តាសៀបន្តពីផេក និងឆាណែលផ្លូវការរបស់ខ្ញុំបាទ បើឃើញជួយReportផងបងប្អូន»។
ក្រឡេកមកមើលអារម្មណ៍អ្នកទស្សនារឿងនេះវិញ ពួកគេភាគច្រើន ទប់ទឹកភ្នែកមិនជាប់នោះឡើយ ហើយបានបញ្ចេញយោបល់ស្រដៀងៗគ្នាដូច្នេះថា «អ្នកណាអាចទប់ទឹកភ្នែកជាប់ បើកម្សត់ខ្លាំងយ៉ាងនេះ រឿងនេះពិតជាល្អខ្លាំងណាស់ ទាំងការអប់រំ សម្តែង និងការដឹកនាំ សូមអរគុណសម្រាប់ចែករំលែក, ខ្ញុំមើលប៉ុន្មានដងក៏នៅតែទប់ទឹកភ្នែកមិនជាប់ សុំសរសើរដល់ស្នាដៃរបស់បងប្រុសខ្លាំងណាស់, មិនដែលមើលរឿងណាយំដូចរឿងនេះទេ បើអោយពុន្ទុ 10/10, រឿងដែលមានការអប់រំបានល្អ ខ្ញុំបានមើលហើយពិតជាកម្សត់ ពីការតស៊ូរបស់ឪពុក ធ្វើអោយខ្ញុំហូរទឹកភ្នែកទាំងមិនដឹងខ្លួន ពិតជាល្អមើលណាស់»៕