ឱក សុគន្ធកញ្ញា ជាតារាចម្រៀងដ៏ល្បីមួយរូបឈរជើងលើវិថីសិល្បៈជាច្រើនឆ្នាំ ជាមួយនឹងអ្នកគាំទ្រយ៉ាងច្រើន គ្រប់ស្រទាប់វ័យទាំងអស់ ហើយក្នុងចំណោមអ្នកគាំទ្ររបស់នាងមួយចំនួនតូចនោះ បានបង្កើតគណនី និងទំព័រហ្វេសប៊ុក ដាក់ឈ្មោះរបស់នាងទៀតផង។
ក្នុងការបង្កើតដាក់ឈ្មោះនាងនេះ មានអ្នកខ្លះក៏បង្ហោះលក្ខណៈធម្មតា មិនប៉ះពាល់ដល់កំពូលតារាចម្រៀងរូបនេះនោះឡើយ ប៉ុន្តែមានមួយចំនួនទៀត បានបង្ហោះផ្ដេសផ្ដាស ធ្វើដូចជាសាមីខ្លួនៗពិត ជាហេតុធ្វើឲ្យអ្នកគាំទ្រនាង មានការយល់ច្រឡំទៀតផង។
ប្រការនេះហើយ ទើបធ្វើឲ្យឱក សុគន្ធកញ្ញា នៅមិនសុខ បង្ហោះសារទាំងព្រឹកជូនដំណឹងប្រាប់ថា ទំព័រហ្វេសប៊ុក (ផេក) ផ្លូវការរបស់នាងមានតែ១ប៉ុណ្ណោះ និងបានស្នើឲ្យអ្នកស្រឡាញ់នាង ហើយបង្កើតគណនី និងទំព័រហ្វេសប៊ុកដាក់ឈ្មោះនាង មេត្តាប្ដូរ ចេញ ឬប្ដូរទៅជាអ្នកគាំទ្រវិញ ដើម្បីកុំឲ្យមានការយល់ច្រឡំដល់អ្នកគាំទ្រផ្សេងទៀតនោះ។
ឱក សុគន្ធកញ្ញា បានបង្ហោះសារជូនដំណឹងភ្ជាប់ជាមួយគណនី និងទំព័រហ្វេសប៊ុកក្លែងក្លាយថា «សូម អធ្យាស្រ័យចំពោះការផុសរូបទាំងអស់នេះ ប៉ុន្តែយ៉ាងណាក៏ចង់ផ្ដល់ដំណឹងនេះជូនដល់អ្នកគាំទ្រ និងស្រឡាញ់ ឱក សុគន្ធកញ្ញា គ្រប់ៗគ្នា បញ្ជាក់ថា Account & Page ទាំងអស់នេះមិនមែនជារបស់នាងខ្ញុំឡើយ
ប្រសិនបើមានការផុសប៉ះពាល់ ឬឆាតទៅអ្នកទាំងអស់គ្នា នាងខ្ញុំសុំមិនទទួលខុសត្រូវ អាស្រ័យហេតុនេះសូមបងប្អូនកុំមានការយល់ច្រឡំ ព្រោះនាងខ្ញុំមានផេកផ្លូវការផ្ទាល់ខ្លួនដែលមានសញ្ញា ✅ជាសម្គាល់ និងតែមួយគត់របស់ខ្ញុំ។
ដូច្នេះហើយនាងខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់ របស់បងប្អូនជាពិសេសម្ចាស់ account និង pages ទាំងអស់ ដែលតែងតែស្រឡាញ់ មកលើរូបនាងខ្ញុំ ហើយបើរឹតតែបញ្ជាក់ពីការស្រឡាញ់ពិតសូមអ្នកទាំងអស់គ្នាធ្វើការផ្លាស់ប្ដូឈ្មោះខ្ញុំទៅជាឈ្មោះពិតរបស់អ្នកទាំងអស់គ្នាវិញ ឬក៏ថាជាអ្នកគាំទ្រវិញ ជៀសវាង ការយល់ច្រឡំ ជាចុងក្រោយ នាងខ្ញុំក៏សូមអរគុណចំពោះការចំណាយពេលវេលាដ៏មាតម្លៃ របស់បងប្អូនមកអានCaption មួយនេះ សូមជូនពរបងប្អូនទាំងអស់ ជួបតែក្តីសុខ សុខភាពល្អគ្រប់ៗគ្នា»៕