អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានជ្រាបរួចមកហើយថា លោក ឡា ពិសិដ្ឋ ហៅពូ ពូឈីវ គឺជាស្ថាបនិកក្រុមកងទ័ពអង្គរ និងជាអ្នកគាំទ្រវិស័យកីឡាដ៏ស្មោះស្ម័គ្រ ដោយលោកតែងតែ បង្ហាញវត្តមានជាមួយការស្លៀកពាក់ពណ៌ក្រហម ដោយមានគូរមុខ គូរមាត់ជាទង់ជាតិកម្ពុជា ដើម្បីចូលរួមគាំទ្រក្រុមកីឡាបាល់ទាត់កម្ពុជាស្ទើរតែគ្រប់ការប្រកួតទាំងអស់នោះ។
ក្រៅពីការគាំទ្របាល់ទាត់យ៉ាងស្ម័គ្រស្មោះនោះ ពូឈីវ ក៏ត្រូវបានគេស្គាល់ថា ជាអ្នកបំផុសចលនាស្រឡាញ់បរិស្ថាន និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើនទៀត ជាហេតុធ្វើឲ្យមហាជនជាច្រើន មានការពេញចិត្ត ក៏ដូចជាគាំទ្រលោក ជាច្រើនផងដែរ។
ងាកមកមើលជីវិតស្នេហាវិញ លោក ក៏បានស្រឡាញ់នារីម្នាក់ ដែលសកម្មនឹងការងារបរិស្ថានផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក បានសម្រេចចិត្តភ្ជាប់ស្ពានមេត្រីជាមួយរាជិនីសំរាម គឺកញ្ញា ឃុន ពន្លក ដែលជាយុវជនសំរាមប្រចាំខេត្តក្រចេះ ជាហេតុធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការសរសើរថា ពិតជាស្រស់ស្អាត ហើយសក្ដិសមនឹងគ្នាខ្លាំងណាស់។
កាលពីប៉ុន្មានថ្ងៃមុននេះ ពួកគេ បានថតPre Wedding ហើយថែមទាំងបង្ហោះសារគួរឲ្យស្ងើចសរសើរថា «ជាឱកាសរបស់យើងខ្ញុំជាគូស្វាមីភរិយាថ្មី ចង់បំផុសគំនិតបែបច្នៃប្រឌិតថ្មីៗ ទៅដល់គូស្នេហ៍ដទៃជាច្រើនទៀត ងាកមករកការថត Pre-wedding បែបអប់រំ ដែលជាការរួមចំណែក ផ្តល់សារជូនប្រជាពលរដ្ឋ ឱ្យមានឥរិយាបថល្អៗក្នុងសង្គម ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិផងដែរ
តួយ៉ាងការបំផុសគំនិតទាំង ៦របស់គូស្នេហ៍យើងខ្ញុំ គឺជាការចាប់ផ្តើមមួយដាស់ស្មារតី ពញ្ញាក់អារម្មណ៍ ដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញនូវសេចក្តីស្រលាញ់ ភាពស្មោះត្រង់ និងកសាងអនុស្សាវរីយ៍មួយ ដោយសង្ឃឹមយ៉ាងមុតមាំថា ការបំផុសគំនិតទាំងនេះ គឺជាធាតុចូលមួយជួយដល់គ្រួសារខ្មែរ និងសង្គមជាតិ។
ការបំផុសគំនិតទាំង៦របស់ពូឈីវនោះ រួមមាន អាពាហ៍ពិពាហ៍១គូដើមឈើ១ដើម, ខន្តីសេចក្តីអត់ធន់, គូស្នេហ៍ថែស៊ីក្លូ, ផ្តល់ឈាមផ្តល់ក្តីស្រលាញ់, យើងគាំទ្រកីឡាជាតិ, គូស្នេហ៍ថែបរិស្ថាន។
ដោយឡែកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃរៀបមង្គលការរបស់ពួកគេនោះ ស្រាប់តែពូឈីវ បានបង្ហោះសារគួរឲ្យអស់សំណើចទាំងព្រឹកថា «ឡាបល់យ៉ បាត់ស្បែកជើងបាត់ កំពុងទាបជាងកូនក្រមុំផងឯងខំតកែងម៉ាស្អាតហើយ»។ ឃើញបែបនេះ អ្នកគាំទ្រReact សើចព្រោងព្រាត ជាមួយនឹងការបញ្ចេញមតិថា «កម្មយើងទេបង, ឈប់គិតរឿងបាត់ស្បែកជើង គិតតែរឿងបានប្រពន្ធទៅបានហើយ, ខ្ញុំលួចបាត់ហើយ»៕