ប្រិយមិត្តពុកម៉ែបងប្អូន បានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២កន្លងទៅ សួ វិចិត្រ បានក្លាយជាម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បន្ទាប់ពីឆ្លងកាត់ការចម្រាញ់អស់រយៈពេលជាច្រើនសប្ដាហ៍នោះ។
ភាពជោគជ័យធំសម្បើមមួយនេះ មិនមែនជាសំណាង ឬជាភាពចៃដន្យនោះឡើយ ប៉ុន្តែគឺជាការផ្ដល់ឱ្យយ៉ាងសុក្រិតភាពពីទស្សនិកជនតាមរយៈការបោះឆ្នោតជាសំឡេងសារគាំទ្រ។ នេះ គឺជាគោលបំណងធំបំផុតមួយនៅក្នុងជីវិត ដែលសួ វិចិត្រ បានប៉ងប្រាថ្នាចាប់តាំងពីថ្ងៃដំបូងនៃការឈានជើងចូលប្រឡង។
សួ វិចិត្រ ធ្លាប់បានបញ្ជាក់មុនពេលក្លាយជាម្ចាស់ពានថា «ការខិតខំរបស់ខ្ញុំ គឺដើម្បីម្តាយ និងប្អូន ដើម្បីដណ្ដើមជ័យជម្នះ នឹងត្រូវតស៊ូឱ្យក្លាយជាតារាហង្សមាសឲ្យបាន» ហើយទីបំផុតការតាំងចិត្តរបស់សួ វិចិត្រ ក៏លេចចេញជាផ្លែផ្កាពិតមែន។
សួ វិចិត្រ មានវ័យ២៧ឆ្នាំ និងមានប្រភពពីខេត្តពោធិ៍សាត់។ មុនក្លាយជាម្ចាស់ពាន គ្រួសារមានជីវភាពក្រលំបាកខ្លាំង ដោយមានម្ដាយ និងប្អូនស្រីជាកម្មករសំណង់ នៅខេត្តព្រះសីហនុ។
ដោយហេតុថា តែចង់ចាកចេញពីភាពក្រីក្រ និងមិនចង់ឲ្យម្ដាយនិងប្អូនធ្វើសំណង់តទៅទៀតនោះ ទើបរូបគេតាំងចិត្តថា នឹងដណ្ដើមជ័យជម្នះ ឬធ្វើជាតារាចម្រៀងនៅហង្សមានឲ្យបាន ហើយនៅទីបំផុតបេក្ខជនមានដើមកំណើតមកពីពោធិ៍សាត់រូបនេះ ក៏បានសម្រេចក្ដីបំណងប្រាថ្នារបស់ខ្លួន ដោយដណ្ដើមបានជ័យជម្នះជាមួយនឹងប្រាក់រង្វាន់រហូត ១៥,០០០ដុល្លារ និងក្លាយជាសមាជិកពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាស។
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ លោកបានចេញចម្រៀង១បទមានចំណងជើងថា «ម៉ែកុហកកូន» ធ្វើឲ្យគ្រប់គ្នាស្ដាប់ហើយពិតជាមានអារម្មណ៍នឹកអ្នកម្ដាយខ្លាំងណាស់។ ក្រោយចេញចម្រៀងបាន១ថ្ងៃ ពោលនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ចំទិវាអ្នកម្ដាយនេះ លោកបានទម្លាយរឿងពិត ពាក់ព័ន្ធនឹងការធ្វើបទនេះថា ៖
«បទនេះធ្វើឡើងស្របពេលដែលខ្ញុំទៅយកម៉ាក់ពីកំពង់សោមមកភ្នំពេញដើម្បីរស់នៅជុំគ្នាហើយពួកយើងមិនអាចបែកគ្នាទៀតទេ រឹតតែមិនអាចទុកអ្នកម្ដាយអោយនៅម្នាក់ឯងទៀតទេ កូនមានលទ្ធភាពហើយ»។
បន្ថែមលើនេះ នៅរសៀលថ្ងៃដដែល លោកបានបង្ហោះសារបញ្ជាក់ថា «ថ្ងៃនេះប្រញាប់ទៅខេត្តវិញព្រោះជាថ្ងៃពិសេស សម្រាប់អ្នកម្ដាយខ្ញុំ ក៏ដូចជាអ្នកម្ដាយគ្រប់រូបលើកពិភពលោកនេះដែរ ហើយក៏ជាថ្ងៃទៅច្រៀងនៅ Sky bar Slameas ខេត្តពោធិ៍សាត់ផងដែរ ថៅកែខ្ញុំក៏ដូចជាឳពុកខ្ញុំដែរពីព្រោះលោកបានទំនុកបម្រុងខ្ញុំតាំងពីដើមមករហូតមកដល់ពេលនេះ Panha Slameas»។
តាមរយៈនេះ សួ វិចិត្រ ត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ថា ជាកូនល្អ កូនកតញ្ញូ និងជាមនុស្សមិនភ្លេចកំណើត ព្រោះលោកតែងតែរំលឹកពីថៅកែរបស់ខ្លួន ដែលបានទំនុកបម្រុងរូបលោកតាំងពីដើមរហូតមកនោះ៕