គេនៅចាំបានថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ផលិតកម្មរាម ត្រូវបានបើកសម្ពោធ ជាមួយនឹងការទទួលស្វាគមន៍កំពូលតារាចម្រៀងមាស សុខសោភា និងលោកដួង វីរៈសិទ្ធ មកកាន់ផលិតកម្មថ្មីនេះផងដែរ។
ពិធីនេះ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅ ឌឺព្រីមៀរសែនសុខ ក្រោមវត្តមានភ្ញៀវកិត្តិយស ជាអ្នកសារព័ត៌មាន និងអ្នកសិល្បៈយ៉ាងច្រើនកុះករ ហើយក្នុងពិធីក៏មានការបំពាក់មកុដ និងងារជា «រាជនីសំឡេងធម្មជាតិ » សម្រាប់ផលិតកម្មរាម ដល់តារាចម្រៀងមាស សុខសោភា ពីសំណាក់ស្រីអូន ផងដែរ។
ក្រោយពិធីនេះ បានបញ្ចប់ទៅដោយរលូន កំពូលតារាចម្រៀងមាស សុខសោភា បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារបែបនេះថា «នាងខ្ញុំ មាសសុខសោភាសូមថ្លែងអំណរគុណដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា មិត្តភក្កិសិល្បករ សិល្បការិនី អ្នកគាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបានផ្ដល់វត្តមានចូលរួមកម្មវិធីបើកសម្ពោធផលិតកម្មរាមកាលពីយប់មិញនេះផងដែរ។
ជាពិសេសនាងខ្ញុំសូមអរគុណដល់លោកអគ្គនាយកនិងអគ្គនាយិការ ផលិតកម្មរាមដែលបានផ្ដល់ម្កុដនិងងារជា «រាជិនីសំឡេងធម្មជាតិ »សម្រាប់ផលិតកម្មរាមដល់រូបនាងខ្ញុំ ហើយក៏អរគុណសម្រាប់ការបង្កើតកម្មវិធីដ៏មហាអស្ចារ្យនេះ។
សូមផ្ញើបទចម្រៀងដំបូងនៅផលិតកម្មរាមបទ «ត្រលប់» ក្នុងដួងចិត្តអ្នកទាំងអស់គ្នាផង។ ជាចុងក្រោយសូមជូនពរដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា មិត្តភក្កិសិល្បករ សិល្បការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ដោយឡែកបទដំបូងរបស់កំពូលតារាចម្រៀងមាស សុខសោភា មានចំណងជើងថា «ត្រលប់» ក៏បានបង្ហោះនៅថ្ងៃសម្ពោធផលិតកម្មរាម នោះផងដែរ ដោយបទនេះ ជាប្រភេទ ខ្សែភាពយន្តខ្លី ទស្សនាហើយ ស្ដាប់ចម្រៀងនេះ ពិតជាធ្វើឲ្យអារម្មណ៍អន្លង់អន្លោច ស្រងេះស្រងោច ទៅតាមអត្ថន័យសាច់រឿងនេះ ខ្លាំងណាស់។
ក្រោយបញ្ចេញបទនេះ ជាប្រភេទខ្សែភាពយន្ត ភាគទី១ នៅលើបណ្ដាញសង្គមយូធូបរបស់ផលិតកម្ម រាម ត្រឹមរយៈពេល២ថ្ងៃជាងប៉ុណ្ណោះ គិតត្រឹមរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអ្នកទស្សនាសរុបរហូតដល់ជាង២០ម៉ឺនដងទៅហើយ ជាមួយនឹងការបញ្ចេញមតិជាង១ពាន់ដងឯណោះ៕