កញ្ញា មាស នីតា ដែលល្បីល្បាញតាមរយៈការCoverបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក»នោះ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញវត្តមានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol។
នៅក្នុងការចូលរួមប្រឡងចម្រៀងនេះ បេក្ខនារី ពៅ ស្រីមាស ដែលគេស្គាល់ថា ជា កញ្ញា មាស នីតា បានលើកយកបទ «ខ្លាចឃ្លាត» មកច្រៀងយ៉ាងពីរោះរណ្ដំ ធ្វើឲ្យគណៈកម្មការ ទប់ចិត្តមិនជាប់នោះឡើយ សូម្បីតែលោកឆន សុវណ្ណរាជ ជាតារាចម្រៀងដ៏ល្បី ក៏ក្លាយជាអ្នកគាំទ្ររបស់អ្នកCoverបទ«ផ្លូវណាទៅផ្ទះម៉ែក្មេក» ដ៏ល្បីនេះផងដែរ។
ដោយភាពពេញចិត្តនឹងទឹកដមសំឡេងរបស់កញ្ញា មាស នីតា ក្រោយលើកសរសើរមិនដាច់ពីមាត់រួច គណៈកម្មការទាំង៤បានសម្រេចឲ្យបេក្ខនារីរូបនេះ ឈានទៅវគ្គបន្តទៀត ជាមួយនឹងសំឡេងអបអរសាទរយ៉ាងកងរំពងពីទស្សនិកជន។
ត្រឡប់ទៅមើលដើមកម្មវិធី មុនពេលបញ្ចេញសមត្ថភាពនេះ កញ្ញា មាស នីតា បានរៀបរាប់ពីប្រវត្តិគ្រួសារដ៏កម្សត់របស់ខ្លួនថា ខ្លួន ត្រូវបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី១១ ដោយសារជីវភាពគ្រួសារទីទាល់ខ្លាំង។
មាស នីតា បន្តថា គ្រួសារខ្លួនកើតចេញពីអ្នកបោសសំរាម, ម៉ាក់របស់ខ្លួនបោសសំរាមតាមផ្លូវជាមួយបងប្រុស និងលោកយាយ។ នីតា ថា ពេលខ្លួនអាយុបានប៉ុន្មានខែ ម៉ាក់បោសសំរាមតាមផ្លូវ រហូតដល់ខ្លួនអាយុបាន ៤-៥ឆ្នាំ ម៉ាក់ខ្លួនរឹងដៃ រឹងជើង បានគាត់ទៅលាងចានតាមហាង បងប្រុសខ្លួនដើរលក់កាសែត។
នារី ស្ថិតក្នុងវ័យ២៥ឆ្នាំ ជាអ្នកចម្រៀងតាមផាប់ រូបនេះ បានបន្តថា លុះដល់អាយុ៦ឆ្នាំ ខ្លួនដើរលក់ផ្កាតាមហាង ហើយក្រោយមក ម៉ាក់របស់ខ្លួនបែកគ្នាជាមួយប៉ា ចុងក្រោយរូបនាង និងបងប្រុស ត្រូវទទួលបន្ទុកខ្លាំងលើគ្រួសារ រហូតចុងក្រោយត្រូវបង្ខំចិត្តឈប់រៀនដើម្បីចូលច្រៀងផ្គត់ផ្គង់ជីភាព។
ឆ្លើយទៅនឹងសំណួររបស់ លោកណុប បាយ៉ារិទ្ធ ថាតើ គ្រួសារមានជីវភាពលំបាកប៉ុណ្ណឹងហើយ ហេតុអ្វីនៅតែកើតមានការបែកបាក់គ្នាទៀតនោះ កញ្ញា មាស នីតា បញ្ជាក់ថា ខ្លួនក៏អត់ដឹងថាពេលនោះ យ៉ាងម៉េចដែរ ព្រោះឪពុកម្ដាយខ្លួនបែកគ្នាតាំងពីខ្លួននៅតូច សូម្បីតែមុខរបស់គាត់ក៏ខ្លួនអត់ដឹងដែរ។
កញ្ញា មាស នីតា បានបន្តទាំងទឹកមុខក្រៀមក្រំថា រហូតមកដល់ពេលនេះ ឪពុករបស់ខ្លួនស្លាប់ ឬក៏នៅរស់ក៏ខ្លួនអត់ដឹងដែរ ព្រោះរហូតដល់ខ្លួនដឹងក្ដីមក គឺមានតែម៉ាក់ និងបងប្រុស ដែលពូកគាត់ចិញ្ចឹមបីបាច់ថែរក្សាខ្លួន រហូតដល់សព្វថ្ងៃ។
គួរបញ្ជាក់ថា មុនឡើងប្រឡងចម្រៀងខាងលើនេះ ចំថ្ងៃទិវាអ្នកម្ដាយ, មាស នីតា បានបង្ហោះរូបថតមួយសន្លឹកជាមួយអ្នកម្ដាយ រួចពោលពាក្យថា «ម៉ែ ដ៏កម្សត់របស់កូន ម៉ែជាមនុស្សស្រីអស្ចារ្យណាស់សម្រាប់កូន មើលថែកូនបានយ៉ាងល្អ សុខចិត្តបាកខ្លួនឯង អោយតែកូនមានក្តីសុខ កូននឹងខំតស៊ូបន្តទៀត សូមទឹកដោះម្តាយថ្លៃតាមថែរក្សាកូន អោយ ជោគជ័យខ្លាំងជាងនេះណាម៉ែ»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖