អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គាល់ស្ទើរគ្រប់គ្នាថា ជាអតីតពលករនៅប្រទេសកូរ៉េនោះ កាលពីចុងឆ្នាំ២០២០ និងឆ្នាំ២០២១ បានទិញរថយន្តស៊េរីទំនើបជាបន្តបន្ទាប់ជូនភរិយារបស់ខ្លួន បន្ថែមលើរថយន្ត ដែលមានស្រាប់នោះ។
ប្រការនេះ បានធ្វើឲ្យអ្នកឧកញ៉ាចិត្តធម៌រូបនេះ មានឡានទំនើបជាច្រើនគ្រឿង ហើយកន្លងមក លោក យឹម តាស្រង់ ធ្លាប់បានបង្ហោះវីដេអូ មួយ បង្ហាញពីទិដ្ឋភាពរថយន្តជាច្រើនគ្រឿងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចតតម្រៀបជាជួរក្នុងភូមិគ្រឹះរបស់ខ្លួនសរុបមានរហូតដល់១១គ្រឿងឯណោះ។
ដោយឡែកថ្មីៗនេះ គុយលី ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទុកដូចជាបងប្អូន ព្រមទាំងឲ្យកាន់ការងារធំៗនោះ ថ្មីៗកន្លងទៅនេះ ក៏បានថតទិដ្ឋភាពរថយន្តចតត្រៀមត្រា ចេញភូមិគ្រឹះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។
នៅក្នុងការបង្ហោះវីដេអូ នៅក្នុងបណ្ដាញសង្គមទីកតុកនោះ គុយលី បានដាក់ចំណងជើងថា «មកអួតឡានទេ ក្ដីស្រមៃត្រូវតែមាន» ហើយនៅក្នុងវីដេអូនោះ គេឃើញគុយលី រាប់ឡានទៅឃើញចំនួនរហូតដល់ទៅ១២គ្រឿងឯណោះ។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមទីកតុកមួយចំនួន បានលើកឡើងថា «បងពិតជាអ្នកមានសំណាងខ្លាំងណាស់, បងគុយលី ពិតជាមនុស្ស ដែលសំណាងមែន, ឆ្ងល់លុយច្រើនម្ល៉េះនៅតែឆ្ងល់រហូត, ប្រូប្រែប្រួលវាសនាណាស់, បងពិតជាអ្នកមានសំណាងខ្លាំងណាស់, ជីវិតបងលីផ្លាស់ប្ដូរ១០០ដឺក្រេ, វាសនាមនុស្សមើលមិនឃើញ, ឆ្អឹងអណ្ដែតហើយប្អូន»។
គួរបញ្ជាក់ថា គុយ លី ដំបូងឡើយគ្រាន់តែជា អ្នកចូលចិត្តថតវីដេអូច្រៀងលើបណ្ដាញសង្គម បន្ទាប់ពីទំនេរការងារជាកម្មករចិញ្ចឹមបង្គា ក៏ដូចជាសំណង់ នៅប្រទេសថៃប៉ុណ្ណោះ។ ប៉ុន្តែវីដេអូរបស់តារាចម្រៀងពលករលើបណ្ដាញសង្គមរូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងទាំងនៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃ។
អាចថា លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាFans ម្នាក់ដែលគាំទ្រគុយ លី ផងដែរ រហូតដល់លោកមានចិត្តអាណិតបានហៅ គុយ លី មករស់នៅផ្ទះ ព្រមទាំងឲ្យកាន់ការងារធំៗ ថែមទៀតផង។ ប្រការនេះហើយ ទើបអ្នកធ្លាប់ស្គាល់គុយលី បានលាន់មាត់សរសើរពីជីវិតបច្ចុប្បន្នរបស់រូបលោកមិនស្ទើរនោះទេ ព្រោះតែឆ្អឹងអណ្ដែតខ្លាំងណាស់នាពេលបច្ចុប្បន្ន៕ សូមទស្សនាវីដេអូ ខាងក្រម ៖