និយាយដល់ឈ្មោះ ឃុយ ម៉ីហៀង ប្រិយមិត្តមួយចំនួន បានស្គាល់រួចមកហើយថា នាងជាអតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ អំឡុងឆ្នាំ២០១៧ ដោយកាលនោះ ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ ពេលនេះ នាងអាចមានអាយុ១៧ទៅ១៨ឆ្នាំ ក្រមុំបាត់ទៅហើយ។
ក្នុងអំឡុងពេលប្រឡងនោះ កូនក្រុមរបស់អ្នកនាង សុគន្ធ និសា រូបនេះ ទោះមិនបានពានក៏ដោយ តែការប្រើប្រាស់ទឹកដមសំឡេងដ៏ពីរោះរបស់នាងក្នុងវគ្គជាបន្តបន្ទាប់ បានធ្វើឲ្យមហាជន មានការពេញចិត្តមិនស្ទើរនោះទេ។
បច្ចុប្បន្ន គេក៏ឃើញ ឃុយ ម៉ីហៀង លេចមុខក្នុងកម្មវិធីតន្ត្រីតូចធំផងដែរ ហើយទឹកដមសំឡេងរបស់នាងនៅតែពីរោះស្រទន់ ដដែល។ ជាក់ស្ដែងថ្មីៗនេះ នាង បានច្រៀងចម្រៀង១បទ នៅលើគណនីទីកតុករបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរថា ពិតជាពីរោះខ្លាំងណាស់។
ទោះយ៉ាងណា ក៏មានអ្នកលេងបណ្ដាញសង្គមទីកតុកម្នាក់លើកជាសំណូមពរថា «បើប្អូនច្រើនកុំក្រឡាស់អណ្ដាតខ្លាំងពេក អាចនឹងពីរោះជាងនេះ»។ ជាការឆ្លើយតប ឃុយ ម៉ីហៀង បញ្ជាក់ថា «ចា៎អរគុណ ចង់បញ្ជាក់បងថា អណ្ដាតខ្ញុំធំតិច ពេលខ្លះនិយាយធម្មតាក៏មិនសូវច្បាស់ដែរ»។
ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន បានជំរុញឲ្យ ឃុយ ម៉ីហៀង ទៅប្រឡងចម្រៀងម្ដងទៀតផងដែរ ហើយជាការឆ្លើយតប អតីតកូនក្រុម Coach សុគន្ធ និសា រូបនេះ បានបញ្ជាក់ទាំងអស់សំណើចថា «ខ្ញុំហួសដឺឡេដឹងបង»។ ចំពោះសំណួរ ពាក់ព័ន្ធនឹងផុតកុងត្រាហើយឬនៅនោះ ម៉ីហៀង ឆ្លើយតប អមដោយស្ទីកឃូរសើចហូរទឹកភ្នែកថា «ចា៎នៅយូរខ្លាំងៗណាស់បង»។
គួរបញ្ជាក់ថា ក្រៅពីទឹកដមសំឡេង នៅតែពីរោះរបស់ ឃុយ ម៉ីហៀង នោះ ក្រឡេកមកមើលសម្រស់របស់នាងវិញ ឃើញថា កាន់តែប្លែកខ្លាំង ពោលគឺកាន់តែស្រស់ស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ បើធៀបនឹងកាលពីពេលដែលចូលប្រឡងវិញ គឺសឹងតែខុសគ្នា ៣៦០ដឺក្រេឯណោះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖