ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈនោះ ពេលនេះ ទំនាស់គ្រួសាររបស់លោកឌួង ឆាយ ជាមួយនឹងអតីតភរិយា ហាក់កក្រើកឡើងវិញ ក្រោយពីលោកបង្ហាញថា គេប្ដឹងម្ដាយរបស់លោក ហើយថែមទាំងបង្ហាញបំណងប្រាប់អ្នកគំទ្រថា ចង់ប្ដឹងបកវិញផងដែរ។
បន្ថែមលើនេះ កាលពីម្សិលមិញ លោក ឌួង ឆាយ បានបង្ហោះសារយ៉ាងចាប់អារម្មណ៍ដៀលកប់ៗមាត់ថា «ឡាំយ៉ងអត់អីអត់ទៅ កុំអោយតែអត់ស្រា»។ ក្រោយបង្ហោះសារបែបនេះ មានអ្នកមិនពេញចិត្ត ហើយរិះគន់នោះ លោកឌួង ឆាយ ក៏តបទៅវិញឥតសំចៃផងដែរ។
លោកបាន ធ្វើការឆ្លើយតបតាមខំមិនថា «ជាសិទ្ធិសេរីភាពខ្ញុំក្នុងការនិយាយនៅលើទំព័ររបស់ខ្ញុំ។ ហើយក៏មិនបានប៉ះពាល់សិទ្ធិអ្នកណាដែរ។ អ្នកណាមានខ្លួនអ្នកនោះទទួលយកទៅយីស។ ស្រីប្រមឹកផឹកស៊ីមិនមើលកូនៗ ក៏ស្រីៗនៅកាន់ជើងគ្នាគេដែរ។ កុំទុកតែកូនៗចោល អ្នកឯងចង់ប្រកាច់ទៅណាក៏ប្រកាច់ទៅ»។
តាមរយៈសារនេះ ទោះលោកមិនបានបញ្ជាក់ថា ចង់សំដៅលើអ្នកណា ក៏មហាជនបានដឹងក្នុងចិត្តរួចស្រេចដែរ ហើយនៅរសៀលរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ស្រាប់តែលោកបង្ហោះសារ១ទៀតថា «មានអ្នកចង់តោងល្បីហើយ។ ឃើញមិនមាត់មិនមាត់ចង់បានចិត្ត។ ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ទុកមាត់ស៊ីមាន់ទៅអើយហាស»។
ចំពោះសារក្រោយនេះ គេមិនដឹងថាលោកចង់សំដៅលើអ្នកណាម្នាក់នោះទេ។ តែក្រោយលោកបង្ហោះបានប៉ុន្មាននាទីស្រាប់តែលោកផែង វណ្ណៈ បង្ហោះសារដែរថា «យប់នេះ ខ្ញុំលើកយករឿង ឌួង ឆាយ មកនិយាយម្ដងទៀត និង សំណូមពរអោយតុលាការចាត់ការអោយលឿនបន្តិច កុំអោយវល់ពេញ ហ្វេសប៊ុកពេក!»។
គួរបញ្ជាក់ថា កន្លងមក លោកឌួង ឆាយ បានប្រកាសឡាយបកស្រាយតបតទៅនឹងអតីតភរិយារបស់ខ្លួន តែដល់ពេលលោកផែង វណ្ណៈ ប្រកាសឡាយដែរ និយាយរឿងនេះ លោកឌួង ឆាយ ក៏បានសម្រេចមិនឡាយវិញ។ តែលើកនេះ មិនដឹងយ៉ាងម៉េចនោះទេ មានតែរង់ចាំតាមដានទាំងអស់គ្នា៕