អ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយ នូវប្ដីប្រពន្ធ ដែលស្ថិតក្នុងរង្វង់សិល្បៈដូចគ្នា គឺលោកថមមី និងអ្នកនាងសួស វីហ្សា ដោយកន្លងមកពួកគេ ធ្លាប់តស៊ូជាមួយគ្នា ឆ្លងកាត់រឿងរ៉ាវជាច្រើនរហូតមានជីវភាពប្រសើរនោះ។
បើទោះពេលនេះ ពួកគេរៀបការ មានកូន ជីវភាពប្រសើរជាងពីមុនក៏ពិតមែន ប៉ុន្តែពួកគេ មិនបង្អង់ដៃក្នុងការរកលុយផ្គត់ផ្គង់គ្រួសារដ៏មានសុភមង្គលមួយនេះនោះឡើយ ហើយចំណុចនេះ ក៏ត្រូវបានអ្នកគាំទ្រ ពេញចិត្ត លើកសរសើរ ហើយអ្នកខ្លះយកពួកគេ ធ្វើជាគំរូទៀតផង។
គេសង្កេតឃើញថា លោកថមមី ក្នុងនាមជាស្វាមីល្អ តែងតែបង្កើតអ្វីៗមួយប្លែកៗ ដើម្បីឲ្យភរិយារំសាយអស់ទុក្ខកង្វល់ បំបាត់ការនឿយហត់ អស់កម្លាំង ហើយក៏ដូចជាដើម្បីឲ្យគ្រួសារទាំងមូល ពោរពេញដោយស្នាមញញឹម សុភមង្គលនោះ។
ជាក់ស្ដែងនៅវេលាម៉ោងជាង១១យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកថមមី បានតុបតែងខ្លួនជាមនុស្សស្រីមើលទៅគួរឲ្យអស់សំណើច ហើយបង្ហោះរូបថតទាំងនេះ អមដោយសារបែបនេះថា «ប្តីមកពីមើលកូន និងបង្ហើយការងារវិញ ស្រាប់តែមក ឃើញប្រពន្ធទើបចប់ការឡាយលក់អីវ៉ាន់អនឡាញជាមួយក្រុមការងារ មានភាពនឿយហត់អស់កម្លាំងព្រោះគាត់លក់ដាច់ណាស់ថ្ងៃនេះ
អញ្ចឹងក៏បង្ខំចិត្តហ៊ានលួចសក់ និងអាវប្រពន្ធមកពាក់ដើម្បីធ្វើជាតួកំប្លែង អោយពួកគាត់បានសើច ធូរស្បើយការងារយប់នេះ សង្ស័យម៉ោង២ភ្លឺទៀតហើយ អាណិតណាស់ការរកស៊ីគឺចឹងហើយគ្មានការងារណា ដែលបានប្រាក់មកស្រួលៗទេ គឺតែងតែមានភាពលំបាកខ្លះ សំខាន់ប្រពន្ធខ្ញុំសើចដល់ថ្នាក់យំតែម្ដង
ស្មានតែយំអាណិតស្រលាញ់ប្តី ដែលលះបង់ខំធ្វើជាធ្វើឆ្កួតអោយបានសើច គាត់ថា សក់នឹងគាត់ស្រលាញ់ណាស់ បងយកពាក់ខូចអស់ហើយ តែក៏គាត់រំភើបដល់ថ្នាក់យំដែរ តស៊ូដើម្បីក្រពះ គឺបែបនឹងហើយខំបន្តទៀតយើង សូមជូនពរអោយប្រទេសកម្ពុជាគេចផុតពីគ្រោះកូ វីដ១ ៩នេះ»។ ដោយឡែក សួស វីហ្សា បានចែករំលែកសារនេះ ហើយដាក់Captionយ៉ាងខ្លីថា «ហត់ក៏លែងហត់ដែរ»។
ឃើញបែបនេះ អ្នកគាំទ្រ ទប់សំណើចមិនបាន ក៏បញ្ចេញមតិបែបនេះថា «ប្ដីខ្ញុំចូលចិត្តលេងអីប្លែកៗធ្វើឲ្យខ្ញុំសើចដែរ តែលេងមិនដល់បងថមមីទេ សូមសរសើរ, បងថមមីផ្ទះនៅក្បែរពូពាក់មីម៉ងបានឲ្យតែផុសទៅចង់តែសើច, កំប្លែងណាស់បងថមមី, ដាក់សក់អញ្ចឹងទៅមុខដូចប្រពន្ធណាស់, ប្តីប្រពន្ធគេនេះកំពូលតែម្តង គួរអោយស្រឡាញ់ណាស់, មានសុភមង្គលណាស់បង, អ្នកណាឃើញក៏សើចដែរ»៕ ចំពោះបងប្អូន ដែលចង់ទស្សនា វីដេអូ សួស វីហ្សា ឡាយលក់ផលិតផល អាចមើលដូចខាងក្រោមនេះ ទាំងអស់គ្នា ៖