លោកអ្នក បានជ្រាបរួចមកហើយថា អ្នកម្នាង ឌួង ឌីយ៉ាត ដែលត្រូវជាជីដូន បង្កើតព្រះនាងតូច នរោត្តម ជេន ណា បានទទួលមរណភាព កាលពីម៉ោង១១និង៣៩នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ដំណឹងមរណភាពរបស់អ្នកម្នាង ឌួង ឌីយ៉ាត បានធ្វើឲ្យ ព្រះនាងតូច ជេនណា និងព្រះមាតា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្តរន្ធត់ក្តុកក្តួលជាពន់ពេក ខណៈមហាជន ជាច្រើន ក៏បានចូលរួមរំលែកទុក្ខផងដែរ។
ក្រោយពីបង្ហាញទុក្ខសោកហើយនោះ នៅយប់ថ្ងៃទី១២ ខែឧសភានេះ ព្រះនាងតូច បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើទំព័រហ្វេសប៊ុករបស់ទ្រង់ ហើយធ្វើការអរព្រះរាជគុណចំពោះព្រះមហាក្សត្រដូច្នេះថា ៖
«ខ្ញុំម្ចាស់ ជាខ្ញុំ និងក្រុមគ្រួសារជីដូនខ្ញុំម្ចាស់ សូមអរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៤០០០ដុល្លារសហរដ្ឋអាមេរិកតាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជ តំណាងខ្ពង់ខ្ពស់ អញ្ជើញមកចូលរួមក្នុងពិធីបុណ្យសពជីដូនខ្ញុំម្ចាស់ (អ្នកម្នាង ឌួង ឌីយ៉ាត)នាវត្តបុទុមវត្តី រាជធានីភ្នំពេញ។
នាងខ្ញុំ និងក្រុមគ្រួសារទាំងអស់ សូមថ្លែងអំណរគុណចំពោះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលផ្តល់កិត្តិយសចូលរួមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រមទាំងបានចូលរួមបច្ច័យចំនួន២លានរៀល។
សូមទូលថ្វាយ និងជម្រាបផងដែរថា ដោយសារមានការប្រែប្រួល ពិធីបុណ្យបូជាសព ជីដូនខ្ញុំ នឹងប្រារព្ធនៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង ៥ ល្ងាច នៅក្នុងបរិវេណវត្តបុទុមវត្តី។ អាស្រ័យដូចបានទូលថ្វាយ និងជម្រាបជូន ខ្ញុំម្ចាស់ នាងខ្ញុំ សង្ឃឹមថា និងមានការយាង និងអញ្ជើញចូលរួមច្រើនកុះករជាកិច្ចចុងក្រោយនៃការជូនដំណើរជីដូនខ្ញុំម្ចាស់ នាងខ្ញុំ»៕