ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា។
មុនដល់សាច់រឿង យើងសូមរំលឹកពីប្រវត្តិរបស់លោកព្រាប សុវត្ថិបន្តិច។ លោក ព្រាប សុវត្ថិ បានចាប់ផ្ដើមសកម្មក្នុងការច្រៀងចម្រៀងតាមរាំងសាល និង បៀរហ្គាឌិន ក្នុងអំឡុងឆ្នាំ១៩៩៤ ក្រោយមកបានក្លាយជាអ្នកចម្រៀងដៃគូជាមួយ អ្នកនាង ទូច ស៊ុននិច ក្នុងឆ្នាំ (១៩៩៥-១៩៩៦) ក្នុងបទ (អូនមិនមែនសង្សារ) ដែលបានច្រៀងរួមគ្នា ក្នុងតន្ត្រីទេសចរណ៍ Tour Concert ដែលផ្សាយដោយទូរទស្សន៍ជាច្រើនដូចជា ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ជាដើម ហើយនេះក៏ជាការចាប់ផ្ដើមនៃការប្រឡូកទៅក្នុងវិថីសិល្បៈ របស់លោកផងដែរ។
ក្រោយមកលោក បានចូលទៅក្នុងផលិតកម្មរស្មីហង្សមាស (Reaksmey Hangmeas Production) ក្នុងឆ្នាំ១៩៩៧ ដោយបានចេញ អាលប៊ុមទោលទី១ គឺបទ«ខ្សែជីវិត» និងបទឆ្លងឆ្លើយល្បីរបស់លោក ជាមួយអ្នកស្រី ហ៊ឹម ស៊ីវន គឺបទ «ហែកបេះដូង»។
លោក សុវត្ថិ ធ្លាប់បាននិយាយប្រាប់ពីជីវិតអ្នកចម្រៀងរបស់លោកកើតឡើង ដោយសារភាពក្រីក្រ ជាមូលដ្ឋាន ជំរុញឲ្យគេបង្ខំចិត្តបោះបង់ការសិក្សានៅមហាវិរាល័យសេដ្ឋកិច្ចចោលទាំងកណ្ដាលទី រួចក៏ងាកមកចាប់អាជីពចម្រៀង ដោយផ្ដើមឡើងពីអ្នកចម្រៀងនៅក្នុងតន្ត្រីយោធាភិរម្យ។
បទចម្រៀងសដំបូង ដែលជួយស្ទួយកេរ្តិ៍ឈ្មោះរបស់លោកព្រាប សុវត្ថិ ឲ្យស្ទុះឡើង រហូតគ្រប់គ្នាស្គាល់លោកមកដល់សព្វថ្ងៃនេះ គឺបទ «អូនជាបេះដូងបង» ហើយកំពូលតារាចម្រៀងរូបនេះ ក៏ធ្លាប់បញ្ជាក់ក្នុងកម្មវិធីប្រគំតន្ត្រីមួយផងដែរថា «បទ «អូនជាបេះដូងបង»នេះ ជាបទដំបូងរបស់ខ្ញុំបាទ សម្រាប់ជីវិតរបស់ខ្ញុំ ហើយបទនេះ មានការគាំទ្រច្រើន ពីបងប្អូន ពូមីង អ៊ំប្រុស អ៊ំស្រីទាំងអស់ដែរ ហើយដែលខ្ញុំមានថ្ងៃនេះ ក៏ដោយសារតែអ៊ំប្រុស អ៊ំស្រី បងប្រុស បងស្រី ក៏ដូចជាប្អូនៗដែរ…»។
លោក ព្រាប សុវត្ថិ បច្ចុប្បន្ន ជាតារាចម្រៀងប្រចាំក្នុងផលិតកម្មGalaxy Navatra ដែលបានក្លាយជាអ្នកចម្រៀងបុរសលំដាប់លេខមួយប្រចាំប្រទេសអស់រយៈពេលជិត៣ទសវត្សមកហើយ ដោយមិនទាន់មានតារាប្រុសរូបណា អាចបំបែកកំណត់ត្រានេះ បាននៅឡើយទេ។
ដោយឡែក ពេលលោកឡើងងារជាអ្នកឧកញ៉ានោះ អ្នកគាំទ្រមួយចំនួន ទំនងជាចង់ដឹងហើយថា តើលោកនឹងបន្តជាអាជីពជាតារាចម្រៀងទៀត ឬយ៉ាងណា ខណៈលោកមានជំនួញជាច្រើននៅក្នុងដៃនោះ។
ឆ្លើយតបជាមួយសំណួរអ្នកព័ត៌មានក្នុងឱកាសសន្និសីទសារព័ត៌មានក្នុងពិធីសម្ពោធគំរោងដីឡូតិ៍លំនៅឋានទី២របស់លោក ស្ថិតនៅ ភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោកឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសពីជំហររបស់ខ្លួនថា លោកនៅតែបន្តអាជីពចម្រៀងដដែល ព្រោះអាជីពនេះទើបលោកអាចឈានជើងមកដល់ពេលនេះ។
លោកឧកញ៉ាគូសបញ្ជាក់បែបនេះថា ៖ «សព្វថ្ងៃអាជីពខ្ញុំជាអ្នកចម្រៀង។ ខ្ញុំមិនទៅណាទេ ព្រោះខ្ញុំនៅច្រៀងបាន ហើយខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន»៕