មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងល្បីតន់ ចន្ទសីម៉ា បានចាប់ដៃគូជាមួយលោកខេម ចេញបទចម្រៀងឆ្លើយឆ្លងជាបន្តបន្ទាប់ជាប់ៗគ្នា ជាហេតុធ្វើឲ្យរយាល ក្នុងការចេញបទជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ។
ក្រោយស្ងប់ស្ងាត់ចេញបទចម្រៀងជាមួយគ្នាមួយរយៈនោះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពួកគេ បានចាប់ដៃគូជាមួយគ្នាជាថ្មីហើយ ដោយចេញចម្រៀងមួយបទ ជាប្រភេទAUDIO មានចំណងជើងថា «សឺ»។
បទនេះ និពន្ធទំនុកច្រៀង ៖ ឡេង ណាវ៉ាត្រា-Tempo Tris, និពន្ធបទភ្លេង៖ Tempo Tris ហើយក្រោយចេញរយៈពេល៧ម៉ោង គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ មានអ្នកទស្សនាសរុបជិត៩ម៉ឺនដង ជាមួយនឹងការបញ្ចេញមតិជាង៤០០។
ក្នុងចំណោមមតិជាង៤០០នោះ អ្នកគាំទ្រ បានលើកឡើងវាយតម្លៃចំពោះចម្រៀងមួយបទនេះថា «សំឡេងឆ្ងាញ់មែនអាយដល សុវត្ថិ នៅអេម ដដែល មិនសរសើរមិនបាន, បែកពូសុវត្ថិប៉ុន្មានថ្ងៃសោះខ្ញុំនឹកដល់ហើយ ខំរង់ចាំណាស់ឥឡូវបានស្ដាប់ទៀតហើយរីករាយទាំងព្រឹកថ្ងៃសៅរ៍ហ្មង ជាមួយកំពូលតារាចម្រៀងពូសុវត្ថិនិងសីម៉ា, មិនសរសើរមិនបានចេញមួយបទសុទ្ធតែពីរោះ, ភ្លេងបុកម៉ាឆ្ងាញ់, wow idol ទាំង២មកទៀតហើយ ភ្លេងបុកខប់ៗ»។
ទន្ទឹមនឹងនេះ ក៏មានមតិមួយចំនួនធ្វើការសំណូមពរឲ្យលោកព្រាប សុវត្ថិ ចេញបទទោលផងដែរ ដោយពួកគេលើកឡើងដូច្នេះថា «សំឡេងលោកពូសុវត្ថិឡូយម៉េស ( សុំបទលោកពូសុវត្ថិម្នាក់ឯងមួយមកបែបស្រុកស្រែ), ឲ្យបងសុវត្ថិ ច្រៀងម្នាក់ឯងម្ដងទៅ, តើឆ្នាំនេះ Idol ព្រាបសុវត្ថិ មានបទម្នាក់ឯងសម្រាប់បុណ្យចូលឆ្នាំថ្មីទេ, ចង់ឲ្យចេញបទច្រៀងទោលម្ដង បទឆ្លងឆ្លើយចេញច្រើនហើយ ពិបាកយកច្រៀងតាមណាស់idol»៕