អ្នកនិយមតាមដានទស្សនាវីដេអូកំប្លែង ប្រាកដជាបានជ្រាបយ៉ាងច្បាស់អំពី តារាកំប្លែង នាយ ក្ដិប ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមលើវិថីសិល្បៈ និងលេចមុខក្នុងវីដេអូ ជាច្រើនផងដែរ។ តែ១ឆ្នាំចុងក្រោយនេះ ទទួលដំណឹងថា នាយកំពុងធ្លាក់ខ្លួនឈឺ។
ក្រោយស្ងប់ស្ងាត់ជុំវិញដំណឹងធ្លាក់ខ្លួនឈឺរបស់តារាកំប្លែងរូបនេះនោះ ស្រាប់តែ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ តារាសម្ដែង អ៊ឹម ជីវ៉ា បានបញ្ជាក់ពីស្ថានភាពជំងឺរបស់នាយក្ដិប និងប្រកាសជួយលក់ផ្ទះឲ្យនាយ យ៉ាងភ្ញាក់ផ្អើលទៀតផង។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក លោកអ៊ឹម ជីវ៉ា បានរៀបរាប់ថា «អាណិតតារាកំប្លែងនាយក្តិប ណាស់ ថ្ងៃនេះខ្ញុំបាទ នាំយកថវិកាចំនួន ២លានរៀល ដែលជាថវិការបស់លោកជំទាវ ឆេង ស្រីនាង អគ្គនាយិការក្រុមហ៊ុន ម៉ាដាមស្អាត ឧបត្ថម្ភដល់តារាកំប្លែងនាយក្តិប ដែលមានជំងឺស្លា,ប់មួយចំហៀងខ្លួន។
ក្នុងការយកថវិកាមកជួយនេះ នាយក្តិប និងគ្រួសារនិយាយទាំងទឹកភ្នែកថា សុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអោយគាត់បានលុយ មកសងបំណុលគេបើមិនចឹងទេ គេមករឹបអូសផ្ទះលក់ឡាយឡុងហើយ។ បើបងប្អូនចង់ទិញផ្ទះនាយក្តិបគឺនៅខាងជើងវត្តខ្ទ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា»៕