រំលឹកដល់ឈ្មោះ នី រតនា ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាមថា រូបគេ គឺជាម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ ដោយនៅពេលនោះ គ្រាន់តែបើកឆាកកម្មវិធីនេះ ដំបូងក្នុងឆ្នាំ២០១៥ រូបគេ ធ្លាប់បង្ហាញឆន្ទៈចង់បានភាពល្បីល្បាញ ហើយទីបំផុតក៏បានមែន។
ក្នុងការប្រឡងដំបូងនោះ រូបគេហាក់បញ្ចេញសមត្ថភាពមិនទាន់បានល្អនៅឡើយទេ ហើយក៏មិនទាន់ធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍មកលើរូបគេនោះដែរ ប៉ុន្តែពីមួយវគ្គទៅមួយវគ្គស្រាប់តែរូបគេកាន់តែបង្ហាញសមត្ថភាពខ្លាំងឡើងៗរហូតដល់វគ្គចុងក្រោយ ទទួលបានសំឡេងគាំទ្រលើសលប់តែម្ដង។
ងាកមកជីវិតស្នេហា តារាចម្រៀងប្រុសប្រចាំផលិតកម្ម រស្មីហង្សមាសរូបនេះ បានសាងចំណងស្នេហ៍ជាមួយអ្នកនាង ហេង សុវណ្ណភក្តិណា ជាកូនស្រីអ្នកជំនួញស្ដុកស្ដម្ភ រហូតភ្ជាប់ពាក្យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងបានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ធ្វើឲ្យកក្រើកនៅលើបណ្ដាញសង្គម។
ក្រោយរៀបការ ពួកគេ ក៏ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL ) កើតថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០:៤២ នាទីព្រឹក ហើយរហូតមកដល់ពេលនេះ មានអាយុទើបតែជិតមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានដុងក្នុងការបញ្ជាចង្កូតរថយន្តមិនធម្មតានោះឡើយ។
ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ តារាចម្រៀងមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ពេលកូនរបស់ខ្លួន កំពុងកាន់ចង្កូតឡានជ័រ អមដោយសារបែបនេះថា «ប៉ាៗម៉ាមីបង្រៀនអូនបើកឡានឲ្យហើយ សំខាន់អូនមែលដូចមានដុងម៉ង កាច់ចង្កូតម៉ាអេម»។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានលើកឡើងថា «ស្អាតណាស់គ្រួសាររីករាយ, អូនមែល គួរអោយស្រលាញ់ដលហើយ, សំខាន់ស្លាកលេខខប់ខប់ហ្មង, មើលស្លាកលេខផង cute cute, ស្អាតទាំង៣នាក់អាយដល, គួរអោយក្នាញ់ណាស់អូនមែល, ក្មួយមែលcuteណាស់, មើលស្លាកលេខឡានអូនផងគួរអោយស្រឡាញ់ណាស់អូនមែល, គ្រួសារមានក្ដីសុខ, ឡូយខ្លាំងត្រង់ស្លាកលេខឡាននឹងម៉ង»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖