អ្នកម្នាង ឌួង ឌីយ៉ាត ដែលត្រូវជាជីដូន បង្កើតព្រះនាងតូច នរោត្តម ជេន ណា បានទទួលមរណភាព កាលពីម៉ោង១១និង៣៩នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ដំណឹងមរណភាពរបស់អ្នកម្នាង ឌួង ឌីយ៉ាត បានធ្វើឲ្យ ព្រះនាងតូច ជេនណា និងព្រះមាតា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្តរន្ធត់ក្តុកក្តួលជាពន់ពេក ខណៈមហាជន ជាច្រើន ក៏បានចូលរួមរំលែកទុក្ខផងដែរ។
ងាកមក ព្រះអង្គម្ចាស់ក្សត្រា នរោត្តម ចក្រាវុធ នៅថ្ងៃទី១៨ ខែឧសភា បានសម្ដែងក្ដីអាឡោះអាល័យ ជាមួយនឹងការរៀបរាប់ពីឧត្តមសម្បត្តិ និងវីរភាពរបស់ អ្នកម្នាង ឌួង ឌីយ៉ាតថា «ខ្ញុំពិតជាមានសេចក្តីអាឡោះអាល័យជាពន់ពេក ចំពោះការឃ្លាតចាកឆ្ងាយគ្មានថ្ងៃត្រលប់របស់អ្នកមីង (អ្នកម្នាងឌួង ឌីយ៉ាត) ពីខ្ញុំ និងព្រះញាតិវង្សានុវង្សខ្មែរ ព្រមទាំងញាតិមិត្តជិតឆ្ងាយ។
ខ្ញុំក្នុងនាមជាក្មួយ និងតំណាងឲ្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចទូទាំងព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារមីង (អ្នកម្នាងឌួង ឌីយ៉ាត) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅឧបដ្ឋានសាលា ក្នុងវត្តបុទុមវត្ថី រាជធានីភ្នំពេញ។
ខ្ញុំសូមចងចាំវីរភាពដ៏ស្មោះត្រង់ចំពោះរបបរាជានិយម គ្រប់កាលៈទេសៈឥតប្រែប្រួលផ្លាស់ប្តូរបន្តិចណាម្តងឡើយទោះបីជាសម័យលោកលន់ ណុល រំ,លាយរបបរាជានិយម សម័យខ្មែរក្រហម ក៏អ្នកមីង (អ្នកម្នាង ឌួង ឌីយ៉ាត ) នៅតែតាមគាល់បម្រើ សម្តេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិមនីវង្ស កុសមនារីរត័នសិរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ខ្ញុំសូមចារឹកវីរភាពនេះទុកក្នុងដួងចិត្តខ្ញុំជានិច្ច។ សូមដួងវិញ្ញាណក្ខន្ធអ្នកមីង (អ្នកម្នាងឌួង ឌីយ៉ាត) អញ្ជើញទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្រោយឃើញអត្ថបទនេះ ព្រះនាងតូច នរោត្តម ជេន ណា មានសេចក្ដីរំជួលចិត្តជាខ្លាំង ក៏បានចែករំលែកចូលទំព័រហ្វេសប៊ុករបស់ទ្រង់ ជាមួយនឹងCaptionថា «ខ្ញុំម្ចាស់ និងក្រុមគ្រួសារមានសេចក្តីរំជួលចិត្តជាខ្លាំង ពេលឃើញអត្ថបទរបស់ម្ចាស់អ៊ំ ព្រះអង្គម្ចាស់ក្សត្រា នរោត្តម ចក្រាវុធ ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ព្រះអង្គផ្ទាល់ រៀបរាប់ពីឧត្តមសម្បត្តិ និងវីរភាពរបស់ជីដូនខ្ញុំម្ចាស់។ សូមអរព្រះគុណ»។
ដោយឡែកនៅយប់ថ្ងៃទី១៨ ខែឧសភា ព្រះនាងតូច នរោត្តម ជេន ណា បានបង្ហោះវីដេអូ ថ្ងៃលាជីដូនលើកចុងក្រោយ ហើយរៀបរាប់យ៉ាងរំជួលចិត្តថា «នេះជាវេលាដែលខ្ញុំ និងក្រុមគ្រួសារទាំងអស់មានសេចក្តីក្រៀមក្រំសោកស្ដាយរកទីបំផុតគ្មានចំពោះការបែកចេញទៅនៃជីដូនខ្ញុំ (អ្នកម្នាង ឌួង ឌីយ៉ាត)។ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានព្រះរាជវង្សានុវង្ស ព្រះញាតិវង្ស ព្រមទាំងញាតិមិត្តជិតឆ្ងាយជាច្រើន ដែលធ្លាប់ស្រឡាញ់រាប់អានជីដូនខ្ញុំបានយាង និងអញ្ជើញមកចូលរួមជាបន្តបន្ទាប់ រហូតដល់ថ្ងៃបូជាសព។
ខ្ញុំ និងក្រុមគ្រួសារក៏មិនភ្លេចនូវការជួយចាត់ចែងរៀបចំពិធីបុណ្យសពជីដូនខ្ញុំយ៉ាងខ្នះខ្នែងពីបងៗក្រុមព្រះសុរិយា អស់ពីកម្លាំងកាយចិត្ត ដោយមាន បង យាង វណ្ឌី ជាអ្នកដឹកនាំ និងបង វីរៈ វ៉ារ៉ានី ជាជំនួយការ ព្រមទាំងបងៗជាច្រើនទៀត ធ្វើអោយពិធីបុណ្យសពជីដូនខ្ញុំអាចប្រព្រឹត្តទៅបានដោយអធិកអធម តាំងពីសពជីដូនខ្ញុំមិនទាន់មកដល់វត្ត រហូតដល់ថ្ងៃបូជា។ ចៅសូមបួងសួងដល់វិញ្ញាណក្ខន្ធម៉ាក់យាយ អញ្ជេីញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ»៕