ប្រិយមិត្តអ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយ នូវគូស្នេហ៍ដ៏ផ្អែមល្ហែម រវាងតារាចម្រៀង ឯករាជ្យ ងួន ចាន់ដេវីត ហៅG-Dvith និងកញ្ញាទេព បូព្រឹក្ស ដោយគិតមកដល់ បច្ចុប្បន្ន ពួកគេ បានស្រឡាញ់គ្នាអស់រយៈពេលប្រមាណជិត៦ឆ្នាំមកហើយ។
បើទោះ ពួកគេទាំង២ក្លាយជាអ្នកចម្រៀងឯករាជ្យមិនជ្រកកោនក្រោមផលិតកម្មណាក៏ដោយ ក៏នៅតែទទួលបានការគាំទ្រច្រើនដដែល ពីសំណាក់យុវវ័យ តាមរយៈការចេញបទចម្រៀងខ្លួនឯង ការលេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗមួយចំនួន ការធ្វើវីដេអូប្លុក ជាពិសេសនោះ ពួកគេក៏ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីមួយ រួមនឹងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនទៀត។
បច្ចុប្បន្ន ពួកគេទាំង២នាក់ កំពុងតែស្រឡាញ់គ្នា រស់នៅយ៉ាងមានសុភមង្គល ហើយឧស្សាហ៍បង្ហាញភាពផ្អែមល្ហែម ក៏ដូចបង្ហោះសារលែបខាយ ឌឺដងគ្នាបែបលេងសើចនៅលើបណ្ដាញសង្គមខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកគាំទ្រពួកគេ មានការពេញចិត្តខ្លាំងណាស់។
និយាយពីរូបសម្រស់វិញ កញ្ញាទេព បូព្រឹក្ស ពិតជាស្រស់ស្អាតពីធម្មជាតិ តែភាពស្អាតនោះ មិនទាន់ពេញចិត្តនាងនៅឡើយ ទើបតារាចម្រៀងឯករាជ្យរូបនេះ សម្រេចទៅកែសម្ផស្សបន្ថែម នៅគ្លីនិកមួយកន្លែងនាទីក្រុងភ្នំពេញ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកចេញពីកន្លែងកែសម្ផស្ស កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នោះ តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ថា «ថ្ងៃនេះសម្រេចចិត្តវះ,កាត់ខ្ទង់ច្រមុះជាលើកទី២ ចឹងឃើញមុខប្លែកមិនបាច់ឆ្ងល់ទេប្រាប់ឲ្យហើយម៉ងទៅអរគុណលោកគ្រូអ្នកគ្រូ»។
ទោះយ៉ាងណា តារាចម្រៀងចូលចិត្តលែងស្តាយល៍ប្លែកៗរូបនេះ បានបញ្ជាក់ក្នុងខំមិនថា «ខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកែសម្ផស្សនោះទេ តែបើចង់កែ ឬធ្វើអ្វីមួយត្រូវជ្រើសរើស clinic ដែលមានគុណភាព»។
ក្រោយមក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ទេព បូព្រឹក្ស បានទៅចូលរួមពិធីមង្គលការមួយ ហើយបញ្ចេញរូបថតដ៏ស្រស់ស្អាត ប្លែកភ្នែក របស់ខ្លួនក្រោយកែកុនរួច ជាមួយអ្នកសិល្បៈមួយចំនួន ព្រមទាំងបង្ហោះវីដេអូ ក្នុងពីធីនោះផងដែរ។
គ្រាន់តែឃើញអនាគតភរិយាបង្ហោះវីដេអូ បង្ហាញមុខមាត់គួរឲ្យស្រឡាញ់ភ្លាម ស្រាប់តែតារាចម្រៀង ងួន ចាន់ដេវីត ចូលខំមិនភ្លែត ដោយប្រាប់ថា «ប្លែកមុខបានហាមប្លែកចិត្តប្រយ័ត្នផ្តៅ។ ជាការឆ្លើយតប ទេព បូព្រឹក្ស បញ្ជាក់ថា «អូយប្លែកទៅណាលោក»៕