តារាចម្រៀងប្រុសពូកែខាងចង្វាក់ Rock ដ៏ល្បីឈ្មោះពីររូបប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ហ្សូណូ និងលោក វង្ស ដារ៉ារតនា កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមទីកតុក និងហ្វេសប៊ុក ផ្ទុះសំណើចមិនស្ទើរនោះទេ ព្រោះតែពួកគេលេងមួយក្បាច់បាក់ចង្កេះអ្នកមើលនោះ។
ការផ្ទុះសំណើរ បាក់ចង្កេះនេះ ដោយសារតែកាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូខ្លីមួយរបស់តារាចម្រៀងទាំង២ ត្រូវបានគេយកបង្ហោះនៅក្នុងបណ្ដាញសង្គមទីកតុក ហើយបង្ហោះបន្តចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយដំបូងឡើយស្មានតែលោកហ្សូណូ កំពុងថតកៀកកើយជាមួយស្រីស្អាត លុះបែរមុខឡើង វង្ស ដារ៉ារតនាសោះ។
ការលេងបែបកំប្លែង ក្នុងអំឡុងពួកគេត្រៀមថតវីដេអូចម្រៀងថ្មីសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ បានធ្វើឲ្យអ្នកទស្សនាមួយចំនួននឹកឃើញភ្លាម ដល់ចម្រៀងមួយបទ របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ មានចំណងជើងថា «ហ៊ានប៉ះច្បាស់ច្រែះ» ដោយសារតែមានលក្ខណៈស្រដៀងគ្នានោះ។
ជាក់ស្ដែង អ្នកលេងបណ្ដាញសង្គម បានផ្ទុះសំណើច ហើយក៏និយាយម្នាក់មួយម៉ាត់ថា «សើចគាំងទាំងកណ្ដាលយប់, ស្មានតែពេជ្រ សោភាលោកព្រះ, ឃើញវីដេអូហ្នឹង នឹកឃើញបទ ហ៊ានប៉ះច្បាស់ច្រេះ, គាំងណាស់ពូ, ខ្ញុំមើលមុនដំបូង ខ្ញុំគិតថា មនុស្សស្រីតើ ដល់ពេលងាកក្រោយ មនុស្សប្រុសសោះ, មើលពីក្រោយអៀមណាស់,
ពីមុខ៥០០ ពីក្រោយ៥ពាន់, មើលពីក្រោយហំ មើលចំហេវ, ចង់ភ័យហើយបងមិញ, មើល១ពាន់ដងហើយនៅតែសើច, នេះ បានហៅថា អ្នកលេងTik Tok ធ្វើអ្វីដែលប្លែក ដែលធ្វើឲ្យអ្នកមើលមិនចេះធុញ គួបផ្សំសំណើច, នេះហើយជាមូលហេតុ ដែលប្រេងឆាចេះតែឡើងថ្លៃ, មើលម្ដងៗសើចចង់ប៉ាកាច់ហើយខ្ញុំ, កំពុងបាយប៊ីឈ្លក់, និយាយថា២នាក់ហ្នឹងប៉ិនណាស់»៕