ប្រិយមិត្តមួយចំនួន ទំនងជាមិនធ្លាប់បានទស្សនានោះឡើយ នូវខ្សែភាពយន្តរឿង «លាហើយស្នេហ៍ខ្ញុំ» ដែលជាស្នាព្រះហស្ថ របស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
ទោះយ៉ាងណា ឈុតខ្លះៗនៅក្នុងខ្សែភាពយន្តនេះ ត្រូវបានព្រះនាងតូច នរោត្តម ជេនណា ធ្វើការបង្ហោះ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ហើយបញ្ជាក់ថា «នឹកណាស់ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ!
នេះជាឈុតខ្លះៗនៅក្នុងខ្សែភាពយន្តរឿង Adieu mon amour (លាហើយស្នេហ៍ខ្ញុំ) ដែលជាស្នាព្រះហស្ថរបស់សម្តេចតាទួត ព្រះនរោត្តម សីហនុ ព្រះបរមរតនៈ ផលិតនៅឆ្នាំ១៩៨៨ នាប្រទេសកូរ៉េខាងជើង ដោយពេលនោះ សម្តេចតាទួត ស្តេចប្រោសព្រះរាជទានអោយជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត សម្តែងជាតួសំខាន់មួយរូប។
ក្នុងឈុតខ្លីៗនេះ អ្នកទាំងអស់គ្នានិងបានឃើញ សកម្មភាពសម្តែងរបស់ជីដូនខ្ញុំ ដែលប្រកបទៅដោយកាយវិការរស់រវើក ទឹកមុខសក្តិសមគ្មានទាស់។ ភាពយន្តនេះ ធ្វើអោយខ្ញុំ និងក្រុមគ្រួសារទាំងអស់ រំជួលចិត្តកាន់តែខ្លាំង ព្រោះតែសេចក្តីនឹកចំពោះរូបគាត់ ដែលទើបបែកពីយើងទៅថ្មីៗនេះ។
ខ្ញុំសូមបួងសួងជាថ្មីម្តងទៀតចំពោះដួងវិញ្ញាណក្ខន្ធជីដូនខ្ញុំ សូមលោកអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។
គួរបញ្ជាក់ថា អ្នកម្នាង ឌួង ឌីយ៉ាត ដែលត្រូវជាជីដូន បង្កើតព្រះនាងតូច នរោត្តម ជេន ណា បានទទួលមរណភាព កាលពីម៉ោង១១និង៣៩នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ អ្នកម្នាង ឌួង ឌីយ៉ាត គឺជាភរិយារបស់សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស និងក៏ត្រូវជាមាតារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បុប្ផារី មាតានៃអ្នកអង្គម្ចាស់ នរោត្តម ជេនណា៕ សូមទស្សនាវីដេអូខាងក្រោម ៖