គេនៅចាំបានថា កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកពេជ្រ ស្រស់ បានបញ្ចេញប្រតិកម្មជុំវិញការហៅស្ត្រីបំបៅដោះកូននៅកន្លែងធ្វើការ យកទៅធ្វើកិច្ចសន្យា ព្រោះតែរូបថត១សន្លឹក ហើយក៏បានសន្យាឧបត្ថម្ភស្ត្រីរូបនេះ នូវទឹកប្រាក់ចំនួន៥០ម៉ឺនរៀលផងដែរ ដើម្បីជាការលើកទឹកចិត្ត។
នៅពេលនោះ លោកពេជ្រ ស្រស់ បានប្រតិកម្មបែបនេះ ថា ៖ ឱលោកនាយអើយលោកនាយ តើលោកនាយកើតចេញពីនរណាទៅ? បានជាលោកនាយមិនយល់ពីតម្លៃជាម្តាយសោះអញ្ចឹង លោកនាយគួរលើកទឹកចិត្តភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ
ព្រោះគាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុអ្វីលោកនាយឲ្យគាត់ធ្វើកិច្ចសន្យាបែបនេះទៅវិញ? លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យមនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីការលះបង់របស់ម្តាយ
ហើយឲ្យកូនៗគ្រប់រូបដឹងគុណផង ខ្ញុំអស់អីនិយាយហើយលោកនាយអើយ ប៉ុន្តែបើមានបងប្អូនណាស្គាល់លោកស្រីប៉ូលីស ដែលបំបៅកូននេះ សូមជួយឲ្យគាត់ទាក់ទងមកខ្ញុំផងគឺខ្ញុំជួយលើកទឹកចិត្តគាត់50ម៉ឺនរៀល ព្រោះខ្ញុំយល់ណាស់ពីទឹកចិត្តជាម្តាយ។ លេខខ្ញុំ 070 75 77 77»។
ក្រោយមកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារភ្ជាប់ជាមួយរូបថតស្ត្រីខាងលើថា ៖ «ដោយសាររូបភាព១សន្លឹកបំបៅកូន លោកស្រី ប៉ូលីស ត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះ លោកស្រីប៉ូលីសរៀបរាប់ប្រាប់ខ្ញុំថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។លោកនាយជាទីគោរព! ក្នុងនាមខ្ញុំបានឆ្លងកាត់ភាពជាកូនរបស់ស្ត្រីមួយរូប ខ្ញុំសូមលោកនាយ
មេត្តាបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមលោក ស្រីប៉ូលីសម្នាក់នេះទៀតទៅ ព្រោះភាពជាម្តាយ ត្រូវចិញ្ចឹមកូនគ្រប់កាលៈទេសៈបែបនេះហើយ ម្យ៉ាងវិញទៀតនោះលោកស្រីប៉ូលីស ដែលបាន បំបៅកូននេះគឺមិនបានប្រព្រឹត្តឲ្យខុសច្បាប់រដ្ឋទេ
គឺគ្រាន់តែឆ្លៀតបំបៅកូនពេលម៉ោងការងារ នៅពេលដែលកូនតូចត្រូវការនូវស្បៀងបន្ទាន់បែបនេះនោះ ពីព្រោះសារជាតិជាក្មេងឃ្លាន មិនស្គាល់ពេលវេលាទេណាលោកនាយ អ្វីដែលគួរអត់ឱនឲ្យបាន គឺសូមលោកនាយអត់ឱនឲ្យផងទៅ ពីព្រោះក្នុងនាមជាម្តាយគឺថាបែបនេះហើយ ដោយម្តាយតែងតែបំពេញតម្រូវការឲ្យកូនគ្រប់ពេលវេលា។ 10/03/2021»៕
ក្រោយមកទៀតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោកបានបំពេញពាក្យសន្យារបស់ខ្លួន ហើយបង្ហោះសារបែបនេះថា «អ្វីដែលខ្ញុំសន្យាគឺខ្ញុំមិនដែលខកខានក្នុងការបំពេញ
តាមការសន្យារបស់ខ្ញុំនោះទេ ឆាប់ឬយឺតគឺខ្ញុំត្រូវតែបំពេញតាមពាក្យសន្យារបស់ខ្ញុំឲ្យខាងតែបាន ដោយនៅថ្ងៃនេះ ខ្ញុំបានផ្ញើថវិកា50ម៉ឺនរៀលជូនទៅលោកស្រីប៉ូលីសដែលបំបៅកូនពេលបំពេញការងារតាមការសន្យារបស់ខ្ញុំរួចហើយ។ ខ្ញុំសូមជូនពរដល់លោកស្រីឲ្យជួបតែសំណាងល្អក្នុងឆាកជីវិតនេះដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់»។
គួរបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញករណីលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានបំបៅកូននៅតុការងារតាមផ្លូវក្នុងពេលបំពេញការងារផងនោះ នៅថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ
សម្តេច បានចាត់ឱ្យឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកស្រីបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលើកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប។
លោកស្រី បានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕