វីរុសបំប្លែងប្រភេទថ្មី B.1.1.7 ឬ 20I/501Y.V1 សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លា.ប់ បានគ្រប់ពេលវេលា ហើយកំពុងបន្តចម្លងយ៉ាងលឿនក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះចូលអនុវត្ត បីកុំ និង៣ការពារដាច់ខាត។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបាន បញ្ជាក់ថា វីរុសបំប្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លា.ប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យើងមានករណីស្លា.ប់មួយនាក់រួចទៅហើយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះយ៉ាងមមាញឹកជាទីបំផុត។
លោកជំទាវសង្កត់ធ្ងន់ថា បរាជ័យ ឬជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បំប្លែងថ្មីនាពេលនេះ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា។
ដោយឡែក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ទំព័រហ្វេសប៊ុក «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC» បានធ្វើការចែករំលែកផ្ទាំងរូបភាពមួយដោយបញ្ជាក់ថា វីរុសបំប្លែងប្រភេទថ្មី កំពុងបន្តចម្លងយ៉ាងលឿនក្នុងសហគមន៍ ក្នុងប្រទេសយើង។ សូមអនុវត្ត ៖ បីកុំ និង៣ការពារ ដាច់ខាត។
ជាមួយនឹងការចែករំលែកនេះ នាយកដ្ឋាន បានដាស់តឿនថា «រួមគ្នាបង្ការការឆ្លងជំងឺកូវីដ១៩ប្រភេទថ្មី ចូលក្នុងសហគមន៍។ ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល។ ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា។
គិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៣៩ នាក់ សុទ្ធតែជាអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៤ នាក់ ផងដែរ។
មួយវិញទៀត ក្រសួងក៏បានបញ្ជាក់ច្បាស់ៗនៅក្នុងសេចក្តីប្រកាសថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលវិភាគតាមបែបបំបែកបន្តៗ បានរកឃើញអ្នកជំងឺមានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ចំនួន ១២នាក់ហើយ (ជាអ្នកជំងឺដែលធ្លាប់បានរាយការណ៍)។
តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១៣ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៧៥១ នាក់ហើយ ។ ដោយឡែកចំនួនអ្នកដែលបានរកឃើញសរុបទូទាំងប្រទេសតាំងពីលើកដំបូង រហូតមកដល់ពេលនេះ គឺមានចំនួន ១២៦៤ នាក់ ៕