ប្រិយមិត្ត បានជ្រាបរួចមកហើយថា នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មាន តារាល្បីៗមួយចំនួន បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងជាបន្តបន្ទាប់នេះ។
អ្នកសិល្បៈ ដែលឆ្លងកូវីដ១៩ ជាបន្តបន្ទាប់នោះ រួមមាន ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែលជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, អ្នកនិពន្ធនិងដឹកនាំថតចម្រៀងលោក វ៉ែន វណ្ណា។
ដោយឡែកនៅថ្ងៃនេះ ស្រាប់តែទទួលដំណឹងថា តារាកំប្លែង ស្ថិតក្នុងក្រុមនាយពែកមី អ្នកនាងស្រី អ៊ីត ក៏បានឆ្លងជំងឺនេះផងដែរ ហើយកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
យោងតាមគេហទំព័រ Fresh News បានផ្សាយថា «ស្រីអ៊ីត បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា រូបនាងពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ពិតមែន ដោយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។
ស្រីអ៊ីត បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះ ដែលមានអាសយដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។
តារាកំប្លែងស្រីអ៊ីត ដែលមានឈ្មោះពិតថា សេង ចិន្តា អាយុ៣៩ឆ្នាំ បានអះអាងទៀតថា ទោះបីជារូបនាងមានវិជ្ជមានកូវីដ-១៩ក្តី ប៉ុន្តែនាងពុំមានអារម្មណ៍ភិតភ័យ ឬខ្លាចរអានោះទេ ហើយមនុស្សម្នាក់ៗក៏មិនចង់កើតជំងឺនេះដែរ។
នាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំទាំងអស់គ្នា»៕