នៅក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើន បង្ហាញសមត្ថភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ មានបេក្ខនារីម្នាក់ បានធ្វើឲ្យគណៈកម្មការជជែកគ្នាបែកផ្សែង។
បេក្ខនារី ជួប ស្រីពេជ្រ បានលើកយកបទចម្រៀងជាភាសាអង់គ្លេស មកបកស្រាយ បានយ៉ាងពីរោះ អមដោយការដេញហ្គីតា ដោយខ្លួនឯង ដោយបទនោះ មានចំណងជើងថា « She Used To Be Mine»។ ក្រោយច្រៀងចប់ គណៈកម្មការម្នាក់ៗ បានបញ្ចេញយោបល់របស់ពួកគេរៀងៗខ្លួន។
ក្នុងចំណោមគណៈកម្មការទាំង៤រូបនេះ មានលោក ណុប បាយ៉ារិទ្ធ និងលោកឆន សុវណ្ណរាជ បានជជែកគ្នាបែកផ្សេង ដោយលោក ណុប បាយ៉ារិទ្ធ ផ្ដល់យោបល់ និងសំណូមពរដល់ឲ្យស្រីពេជ្រ ពេលក្ដោបអារម្មណ៍ទៅក្នុងបទចម្រៀងហើយ កុំឆាប់លែងភឹងភ្លាម, បណ្ដែតវា ហើយយើងចេះលែងតិចៗ។
ដោយឡែក លោក ឆន សុវណ្ណរាជ ផ្ដល់យោបល់ និងឌឺដងទៅលោក ណុប បាយ៉ារិទ្ធថា បទនេះ ស្ដាប់ទៅធ្វើឲ្យមនុស្សមានក្ដីសុខ ទាល់តែអ្នកច្រៀងបទនេះ ធ្វើចិត្តខ្លួនឯងឲ្យស្ងប់ ទើបអាចច្រៀងឲ្យលោកស្ងប់ចិត្ត ហើយសប្បាយចិត្ត ហើយវគ្គនេះ លោកអត់សុំអ្វីច្រើនទេ ជាវគ្គJudge Audition វគ្គបង្រៀនមិនមែនវគ្គនេះទេ វគ្គក្រោយ បានវគ្គបង្រៀន។
គ្រាន់តែនិយាយដល់ចំណុចនេះ តារាចម្រៀង២រូបនេះប្រកែកគ្នាបែកផ្សេង ហើយចុងក្រោយ បេក្ខនារី ជួប ស្រីពេជ្រ បានយល់ឃើញថា «បងរិទ្ធ គាត់រិះគន់ដើម្បីស្ថាបនា គាត់ប្រាប់ពីចំណុចខ្វះខាត ធ្វើឲ្យខ្ញុំទទួលពាក្យរិះគន់ ជាភាសាមិនធ្វើឲ្យយើងសប្បាយចិត្តសម្រាប់ខ្លួនឯងពិតមែន ប៉ុន្តែជាអ្វី ដែលធ្វើឲ្យយើងជោគជ័យ និងឲ្យយើងរីកចម្រើន។ ចំណែកបងរាជ និយាយអ្វី ដែលចំណុចល្អ ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ។ អញ្ចឹងទាំងសងខាង និយាយពិត ហើយស្មើគ្នា ធ្វើឲ្យខ្ញុំមានអារម្មណ៍ទទួលយកបាន…»។
ក្រោយស្ដាប់ការបកស្រាយរបស់ស្រីពេជ្រ រួច គណៈកម្មការទាំង២ក៏ស្ងប់ចិត្តរៀងខ្លួន ឱបគ្នាបញ្ចប់ការតស៊ូមតិ ហើយផ្ដល់លទ្ធផលដល់បេក្ខនារីរូបនេះ ដោយគណៈកម្មការទាំង៤រូប សុទ្ធតែផ្ដល់«យេស»ដល់រូបនាង៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖