កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ព័ត៌មានជុំវិញអ្នកនាងស្រីអ៊ីត ឆ្លងជំងឺកូវីដ១៩ បានធ្វើឲ្យកក្រើកពិភពសិល្បៈជាថ្មី ដោយសារអ្នកនាង ជាតារាកំប្លែង ដំបូងគេ ដែលប្រកាសប្រាប់មហាជនថា ខ្លួនឆ្លងជំងឺកូវីដ១៩នោះ ស្របពេលអ្នកឆ្លងមុនៗក្នុងពិភពសិល្បៈ ជាពិធីការិនី , តារាចម្រៀង ជាដើមនោះ។
ក្រោយពេលឆ្លងនោះ ស្រីអ៊ីត ក៏បានធ្វើផ្ដល់សម្ភាសន៍ដល់អង្គភាពព័ត៌មានល្បីឈ្មោះមួយផងដែរ ដោយប្រាប់ថា រូបនាងពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ពិតមែន ដោយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។
ស្រីអ៊ីត បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះ ដែលមានអាសយដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។
នេះជាអ្វី ដែលស្រីអ៊ីត បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ប៉ុន្តែសម្រាប់សារលើកដំបូងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ក្រោយឆ្លងកូវីដ១៩វិញនោះ ស្រីអ៊ីត បានពោលពាក្យថា «ជម្រាបសួរពុកម៉ែបងប្អូន ទាំងអស់គ្នា បន្ទាប់ពីនាងខ្ញុំបានទៅធ្វើតេស្តរកមេរោគកូវិត19 ពីថ្ងៃទី11ខែ3
ពេលនេះនាងខ្ញុំទទួលបានលទ្ធផលហើយថ្ងៃទី12ខែ3 គឺនាងខ្ញុំវិជ្ជមាន ឥលូវនេះនាងខ្ញុំកំពុងតែមកសម្រាកព្យាបាលនៅ អ៊ិនធើខន់ ចាស់ជិតផ្សារដើមគ ជាន់ទី12 ហើយនាងខ្ញុំក៏សូមអរគុណទៅដល់លោកតា លោកតាវិចទ័រព្រមទាំងបងប្អូនក្រុមកំប្លែង និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់
ដែលបានផ្ញើសារជូនពរក៏ដូចជាព្រួយបារម្ភពីសុខភាពនាងខ្ញុំផងដែរ ជាចុងក្រោយនាងខ្ញុំក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់សូមតែសេចក្ដីសុខ នឹងជួបតែសំណាងល្អគ្រប់ក្រុមគ្រួសារ
សូមបងប្អូនទាំងអស់គ្នាចូលរួម ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជួយទប់ស្កាត់ការពារជំងឺកូវិត19 ការពារទាំងអស់គ្នាបងប្អូន សូមអរគុណ»។
តាមរយៈដំណឹងដ៏ភ្ញាក់ផ្អើលខាងលើ, អ្នកគាំទ្រ ក៏ដូចមិត្តរួមអាជីពជាច្រើននាក់ បានលើកទឹកចិត្តអ្នកនាងឲ្យបន្តរឹងមាំ និងជូនពរឲ្យឆាប់ជាពីជំងឺនេះផងដែរ។ ជាក់ស្វែង តារាកំប្លែង វ៉ាន់ នីឡា បានជូនពរយ៉ាងខ្លីថា «ឆាប់ជាម៉ាក់»។ ចំណែកនាយក្រូច ជាបងប្រុសបង្កើតស្រីអ៊ីត ក៏ជូនពរដែរថា «បងសូមជូនពរប្អូនស្រីឆាប់ជាបានត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ»។
ដោយឡែកតារាកំប្លែងនិយាយចាក់ទឹកមិនលិច អ្នកនាងខ្ញុង បានធ្វើការជូនពរដែរថា «សូមឆាប់ជាណាសម្លាញ់ រឹងមាំឡើង គ្មានអ្នកណាម្នាក់ចង់កើតឡើយតែបើកើតហើយមានតែភាពរឹងមាំនឹងធ្វើតាមការណែនាំរបស់ពេទ្យតែប៉ុណ្ណោះដើម្បីឆាប់បានត្រឡប់មកផ្ទះវិញ»៕ ផ្ដល់សិទ្ធិដោយ ៖ Darareport