គេនៅចាំបានថា អ្នកនាង គង់ ចាន់ស្រីមុំ និងលោកគឹម សីហា បានចូលរោងការ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ក្រោមទឹកមុខរំភើបរីករាយគ្មានអ្វីផ្ទឹមជាមួយវត្តមានភ្ញៀវកិត្តិយស ដែលភាគច្រើនជាអ្នកសិល្បៈនោះ។ ពិធីមង្គលការនេះ មានភ្ញៀវចូលរួមប្រមាណ៥០តុឯណោះ ដោយបានប្រព្រឹត្តិទៅ នៅឯសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភោគីត្រា ភ្នំពេញ។
ក្រោយរៀបការ តារាស្រីរូបស្រស់ អ្នកនាងគង់ ចាន់ស្រីមុំ ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ និង បានធ្វើការវះកាត់សម្រាលដោយជោគជ័យ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដោយដាក់ឈ្មោះថា គឹម សីហ៍មរកត ហៅថា «ម៉ូម៉ូ»។
គូស្នេហ៍ស្ថិតក្នុងរង្វង់សិល្បៈមួយគូនេះ មានប្រវត្តិតស៊ូជាមួយគ្នាតាំងពីមុនពេលរៀបការ ហើយតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នារហូតមកទល់នឹងបច្ចុប្បន្ន។ ជារឿយៗពួកគេ តែងតែនាំគ្នាដើរលេងទីកន្លែងផ្សេងៗនៅប្រទេសកម្ពុជា ជាមួយនឹងការថតរូបបង្ហោះឲ្យអ្នកគាំទ្របានទស្សនាផងដែរ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ គង់ ចាន់ស្រីមុំ បានបង្ហោះរូបថតជិះសេះជាមួយគ្រួសារដ៏កក់ក្ដៅរបស់ខ្លួន អមដោយប្រយោគដ៏ទាក់ទាញថា «សុំម៉ាមីជិះសេះ ដល់ពេលបានជិះមិនព្រមចុះសោះចែម៉ូ anniversary ឆ្នាំនេះដោយកូនគីគីមួយដ៏គួរអោយស្អប់»។
នៅយប់ថ្ងៃដដែលនោះ ស្រាប់តែគង់ ចាន់ស្រីមុំ បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារដ៏ចាប់អារម្មណ៍ បង្ហាញក្ដីរំភើបចិត្តថា «ឆ្នាំនេះម៉ាមីបានកាដូរធំពីប៉ាប៉ាពិតមែន តែប៉ាប៉ាខូចណាស់ មិនមែនអោយកាដូរទទេៗទេ គឺយកកាដូរ ប្តូរយកប្អូនអោយចែម៉ូមួយទៀតKem seyhayhaលេងខូចគេ»៕