កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ស្របពេលលទ្ធផលនៃការធ្វើតេស្ដស្វែងរកជំងឺកូវីដ១៩របស់អន្ទិត សោភ័ណ្ឌ កក្កដា ឃើញថា វិជ្ជមាន នោះ ស្រាប់តែមានការចែករំលែក នូវរូបថតអន្ទិតកក្កដា ចូលគាស់ព្រះនាងតូច ជាហេតុធ្វើឲ្យ អ្នកគាំទ្រព្រះនាង មានការព្រួយបារម្ភជាខ្លាំង។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ ព្រះនាងតូច ជេណា បានបង្ហោះសារនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា «សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោក កក្តដា សោភ័ណ បានជួបខ្ញុំ។
ខ្ញុំចង់ជម្រាបថា រូបនេះ ថតជិតមួយឆ្នាំមកហើយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់មែន តែតាំងពីពេលនោះមកនេះ ខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។
ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី សុខភាពខ្ញុំ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បើគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។
ខ្ញុំ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូន ដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បើយឡើងវិញ ហើយបងប្អូនទាំងអស់ សូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចររបស់រាជរដ្ឋាភិបាលនៃយើង។
ជាមួយគ្នាខ្ញុំ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា សូមជួយថែរក្សាការពារប្រជាជនខ្មែរ ក៏ដូចជាប្រទសកម្ពុជាទាំងមូលបានជៀសផុតពីជំងឺកូវីដ១៩នេះ អោយបានឆាប់ៗបំផុត»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អន្ទិតកក្កដា បានបង្ហោះសារជូនដំណឹងដូច្នេះថា ៖ ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុ.កមេ.រោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ…
ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រង់ចាំការព្យា.បាល។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…
សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាព ដែលនៅជិត និង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។ មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry»៕