ប្រិយមិត្ត បានជ្រាបរួចមកហើយថា អន្ទិត កក្កដា សោភ័ណ្ឌ បានទៅចូលរួមពិធីមង្គលការមួយ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយធ្វើជាអ្នកកំដរកូនកំលោះ។
ក្រោយមក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ដោយសង្ស័យលើសុខភាព ខ្លួនឯង អន្ទិត កក្កដា សោភ័ណ្ឌ ក៏បានយកសំណាកទៅពិនិត្យ នៅមណ្ឌលសុខភាពចាក់អង្រែ។ លុះនៅយប់ថ្ងៃទី១៤ ខែមីនា អន្ទិតកក្កដា បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា ៖ ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។
អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ…ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រង់ចាំការព្យា.បាល។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…
សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាព ដែលនៅជិត និង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។ មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry»។
ក្រោយមក នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តតាកែវ ដែលមានឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំរោង ខេត្តតាកែវ រួមជាមួយអាជ្ញាធរភូមិ ឃុំ និងស្រុក
បានចុះទៅបិទផ្ទះរៀបពិធីមង្គលការ ខាងលើនេះ និងយកសំណាកអ្នកពាក់ព័ន្ធនានា ទៅធ្វើតេស្ដរកជំងឺកូវីដ១៩។ ក្នុងនោះ អាជ្ញាធរ កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
បើយោងតាមរបាយការណ៍ របស់លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា អ្នកប៉ះពាល់ផ្ទាល់ជាមួយ អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលមានផ្ទុកជំងឺកូវីដ១៩ ចំនួន២៥នាក់ ក្នុងនោះ ស្រុកសំរោង១២នាក់, ស្រុកបាទីមាន១២នាក់, ស្រុកត្រាំកក់មាន១នាក់។
អ្នកប៉ះពាល់ ដោយប្រយោល៣៥៥ នាក់, ភូមិដែលប៉ះពាល់មានចំនួន៥ភូមិ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ, ភូមិដែលរៀបចំអាពាហ៍ពិពាហ៍ គឺភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាជនរស់នៅចំនួន២០២គ្រួសារ ប្រជាពរដ្ឋសរុប៨៩៥នាក់គ្រួសារ៕ សូមទស្សនាវីដេអូ និងរបាយការណ៍ខាងក្រោមនេះ ទាំងអស់គ្នា ៖