កាលពីថ្ងៃអាទិត្យ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងតិច៣៨នាក់ ដែលជាថ្ងៃមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ ហើយយោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួន៦ បន្ទាប់ពីរោងចក្រដែលឧបត្ថម្ភដោយប្រទេសចិនត្រូវបានដុតបំផ្លាញ។
ក្រុមតស៊ូមតិ Assistance Association for Political Prisoners (AAPP) បាននិយាយថា ស្រុក Hlaingthaya ដូចជាសមរភូមិអញ្ចឹង។ នៅទីនោះ យោធានិងប៉ូលិសបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគ្មានអាវុធ ដោយបានសម្លាប់មនុស្សយ៉ាងតិច២២នាក់។
សារព័ត៌មាន Reuters បានផ្សាយថា មនុស្សចំនួន១៦នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងតំបន់ផ្សេងៗទូទាំងប្រទេសកាលពីថ្ងៃអាទិត្យរួមទាំងទីក្រុង Mandalay និង Bago។ ប៉ូលិសទី២ក៏ត្រូវបានគេរាយការណ៍ស្លាប់ផងដែរចាប់តាំងពីបាតុកម្មផ្ទុះឡើង។
យោងតាម AAPP បានឲ្យដឹងថា អ្នកស្លាប់កាលពីចុងសប្តាហ៍នេះ បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីរដ្ឋប្រហារកើនឡើងដល់១២៦នាក់។
ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបាននិយាយថា រោងចក្រដែលផ្តល់មូលនិធិដោយចិនជាច្រើន ត្រូវបានកម្ទេចនិងដុតបំផ្លាញនៅក្នុងតំបន់ឧស្សាហកម្មក្នុងទីក្រុងយ៉ាំងហ្គោន អំឡុងការតវ៉ាកាលពីថ្ងៃអាទិត្យ។ ជនជាតិចិនក៏រងរបួសផងដែរ។
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាតើជនដៃដល់ជានរណា ឬគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះអគ្គិភ័យនេះទេ។
សារព័ត៌មាន CGTN បានដកស្រង់សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនដែលបាននិយាយថា “ប្រទេសចិន ទទូចដល់មីយ៉ាន់ម៉ាឲ្យចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបញ្ឈប់រាល់សកម្មភាពនៃអំពើហិង្សា និងដាក់ទណ្ឌកម្មលើជនល្មើសហើយធានាសុវត្ថិភាព អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងជនជាតិចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
ក្រុមបាតុករប្រឆាំងរដ្ឋប្រហារបានធ្វើបាតុកម្មជាញឹកញាប់ដោយកំណត់គោលដៅលើស្ថានទូតចិនក្នុងទីក្រុងយ៉ាំងហ្គោន ហើយក្រុមបាតុករបានចោទប្រកាន់ក្រុងប៉េកាំងថាគាំទ្ររដ្ឋប្រហារនិងរបបយោធា៕