រហូតមកដល់ពេលនេះ តារាសម្ដែង ដេននី ក្វាន់ បានពពោះអស់រយៈពេល៧ហើយ ហើយក៏ត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ទោះយ៉ាងណា ចំពោះឪពុករបស់ក្មេងនេះវិញ ជួន ដេននី ក្វាន់ បង្ហាញ ពេលខ្លះក៏បន្តលាក់មុខ។
ជាក់ស្ដែង ពេលមុននោះ ដេននី ក្វាន់ ធ្លាប់បង្ហាញឪពុករបស់ក្មេងនេះម្ដងហើយ តែមិនយូរប៉ុន្មានក៏ មានបញ្ហាជាមួយគ្នា តារាសម្ដែងរូបនេះ បង្ហោះសារផ្អើលហ្វេសប៊ុក បង្ហាញពីតម្រុយនៃការបែកបាក់ស្នេហា និងព្រមានទៅកាន់បុរសជាប្ដីរបស់ខ្លួនទៀតផង។
ក្រោយរឿងនេះស្ងប់ស្ងាត់មួយរយៈ ស្រាប់តែកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ នាង បានបង្ហោះរូបថត ជាច្រើនសន្លឹក ក្នុងនោះមានរូបប្ដីរបស់ខ្លួនទៀតផង តែអ្នកនាង បានធ្វើការលាក់មុខទៀតហើយ មិនដឹងថា ជាប្ដី ដែលមានភាពរកាំរកូសជាមួយនាង ហើយត្រូវរ៉ូវគ្នាវិញ ឬអ្នកថ្មីនោះទេ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនាពេលនោះ តារាសម្ដែង ដេននី ក្វាន់ បានរៀបរាប់ថា «មនុស្សប្រុសណា ដែលមិនចង់បានប្រពន្ធស្អាត ឆ្លាតពូកែរកស៊ីនោះ ជាពិសេសប្រពន្ធ ដែលស្រលាញ់ប្តី ដឹងចិត្តប្តី ពូកែថ្នមប្ដី។
តាមរយៈនេះ អ្នកគាំទ្រជាច្រើន ចង់ឃើញមុខស្វាមីរបស់នាងខ្លាំងណាស់ តែដេននីក្វាន់ បញ្ជាក់ច្បាស់ៗថា «ពេលសម្រាលកូនបានឃើញហើយ»។ ទោះ ដេននី ក្វាន់ និយាយបែបនេះ ក៏ពិតមែន តែប្ដីរបស់នាង បានបង្ហោះរូបថតបង្ហាញភាពផ្អែមល្ហែមជាមួយនាង ហើយប្រាប់ថា «មកដល់ថៃហើយ ជូនព្រះនាងមកឆែកសុខភាពម៉ាក់និងកូន»។
ប្ដី ដែលនាងថា នឹងបង្ហាញមុខនៅពេលសម្រាលកូននោះ តាមពិត នាងធ្លាប់បង្ហាញម្ដងរួចមកហើយ គឺជាមនុស្សតែមួយ ពោលជាឪពុករបស់កូនក្នុងផ្ទៃរបស់នាង មិនមែនអ្នកថ្មីផ្សេងទៀត មកពីណានោះទេ។ មានន័យថា ពួកគេ ឈ្លោះគ្នា ហើយក៏ត្រូវគ្នាវិញ៕