ក្រោយពីបេក្ខជន ទុំ សុវត្ថិ ច្រៀងបទ «ស្រឡាញ់ស្ទើរលេប»របស់លោកណុប បាយ៉ារិទ្ធ ក្នុងការបង្ហាញសមត្ថភាពក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ បានយ៉ាងពីរោះហើយ នៅតែត្រូវបានធ្លាក់ចេញពីកម្មវិធីនោះ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង.
ក្នុងការផ្ទុះប្រតិកម្ម នេះ មហាជន បានបន្ទោសខ្លាំងជាងគេទៅលើតារាចម្រៀង ឆន សុវណ្ណរាជ ដែលជាអ្នកកាត់សេចក្ដីចុងក្រោយ ដោយនិយាយថា «No» ទៅកាន់បេក្ខជនខាងលើ ដោយម្នាក់ៗលើកឡើងថា ដោយសារតែបេក្ខជនមានសំឡេងស្រដៀងខ្លួន និងខ្លាចបេក្ខជនខាងលើល្បីជាង ទើបមិនឲ្យជាប់នោះ។
ទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះ បានយកសំឡេងបេក្ខជន ដែលធ្លាក់ក្នុងពេលប្រឡង ធៀបជាមួយនឹងបេក្ខជន ដែលជាប់លើកមុន ហើយច្រៀងបទដូចគ្នាមកធ្វើការប្រៀបធៀបទៀតផង ហើយឃើញថា អ្នកធ្លាក់ពីរោះជាង។ លើសពីនេះ ថែមទាំងមានការប្រៀបធៀបសំឡេងម្ចាស់ដើម ជាមួយនឹងសំឡេងបេក្ខជនផងដែរ ជាហេតុធ្វើឲ្យសំឡេងនៃការរិះគន់កាន់តែពុះកញ្ជ្រោលឡើង។
ស្របពេលមហាជនកំពុងរិះគន់ទៅលើគណៈកម្មការ ហើយសម្ដែងការអាណិតចំពោះបេក្ខជន ទុំ សុវត្ថិនោះ ធ្វើឲ្យឧកញ៉ា ខេមរៈសិរីមន្ត នៅមិនស្ងៀម ចេញសារលើកទឹកចិត្ត បេក្ខជនរូបនេះ ព្រមទាំងផ្ដល់ថវិកាចំនួន១ពាន់ដុល្លារថែមទៀតផង។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតវីដេអូ បេក្ខជនខាងលើ បង្ហាញសមត្ថភាពក្នុងកម្មវិធីCambodian Idol កំពូលតារាចម្រៀងមានងារជាឧកញ៉ារូបនេះ បានលើកទឹកចិត្តថា «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិកា1000$មានសមត្ថភាពពិតតស៊ូគង់បានសម្រេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង»៕