ស្របពេលមហាជនកំពុងរិះគន់ខ្លះទៅលើ តារាចម្រៀងឆន សុវណ្ណរាជ នោះ តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏រងគ្រោះដោយសាររឿងនេះមិនស្ទើរនោះដែរ បើទោះរូបលោកបានសម្រេចចិត្តនៅពេលកាត់សេចក្ដីដោយឲ្យ«Yes» ទៅដល់បេក្ខជន ទុំ សុវត្ថិ ក៏ដោយចុះ។
អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនយល់ច្រឡំថា លោក ណុប បាយ៉ារិទ្ធ ឆ្លើយ«No» ធ្វើឲ្យសំឡេងនៃការរិះគន់លោក កើនឡើង ទើបតារាចម្រៀងរូបនេះ បង្ហោះវីដេអូឲ្យមហាជនទស្សនាឡើងវិញ ហើយដាក់Captionថា «នេះជាចម្លើយលទ្ធផលរបស់ខ្ញុំជូនទៅប្អូនទុំ រដ្ឋាហៅសុវត្តិ សូមបងប្អូន ដែលនិយាយថាខ្ញុំជាម្ចាស់បទខ្លាចគេល្បីជាង មិនអោយyes គេច្រៀងពីរោះហើយ ម្ចាស់បទនៅអោយNoទៀត មេត្តាស្តាប់ចម្លើយរបស់ខ្ញុំម្តងទៀត
ដោយការគោរព»។
ស្របពេលបកស្រាយរឿងនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែសំឡេងនៃការរិះគន់លើរឿងផ្សេងមួយទៀត បានកើតឡើង ក្រោយធ្លាយវីដេអូ រូបលោកធ្វើការ វែកញែកពីសិទ្ធិ និងគោលការណ៍របស់កម្មវិធី។
ឆ្លើយតបទៅនឹងការយល់ច្រឡំនេះ លោក ណុប បាយ៉ារិទ្ធ បង្ហោះវីដេអូ ជាច្រើនឃ្លីប ភ្ជាប់ជាមួយសារ រៀបរាប់ថា «សារសំឡេង ដែលប្អូនប្រុសឈ្មោះ Lyla Sen បានបង្ហោះ គឺជាការឆាតក្នុងកំឡុងពេលគាត់ឆ្លាក់ពីការប្រឡងក្នុងរដូវកាលទី៣ កាលពីឆ្នាំ២០១៩ ខ្ញុំបានឆ្លើយតបទៅគាត់ ពេលដែលគាត់ឆាតមកខ្ញុំ។ ហើយគាត់បានកាត់សំឡេងរបស់ខ្ញុំយកទៅបង្ហោះTiktok ស្របពេល ដែលរឿងកំពុងកើតឡើងធ្វើអោយបងប្អូនមានការយល់ច្រឡំនិងគិតថាថា សារសំឡេងរបស់ខ្ញុំនិយាយពីប្អូន ទុំ រដ្ឋាហៅសុវត្ថិ
តាមពិតសារសំឡេងនោះគឺជាសារតាំងពីឆ្នាំ២០១៩ ហើយកាលដែលខ្ញុំនិយាយថា ច្រៀងពីរោះតែគណៈកម្មការមានសិទ្ធិមិនជ្រើសយក គឺខ្ញុំនិយាយពីលក្ខខ័ណ្ឌនៃកម្មវិធីនៅប្រទេសគេ គឺមានបេក្ខជនខ្លះច្រៀងពីរោះ តែគាត់មិនត្រូវបានគណៈកម្មការជ្រើសរើសយកដោយសារគណៈកម្មការគាត់មិនទាន់ពេញចិត្តពីសមត្ថភាពបេក្ខជន
ខ្ញុំមិនបាននិយាយពាក់ព័ន្ធនឹងការធ្វើកម្មវិធីរបស់យើង ដែលកំពុងតែធ្វើទេ សូមមេត្តាកុំយល់ច្រឡំបន្តទៀត។ ដំបូងខ្ញុំគិតថា មិនចង់បកស្រាយអ្វីវែងឆ្ងាយទេ តែដើម្បីអោយបងប្អូនយល់ច្បាស់ខ្ញុំក៏សម្រេចចិត្តនិយាយ សង្ឃឹមថា បងប្អូនកុំមានការយល់ច្រឡំទៀត»៕ សូមទស្សនាវីដេអូដូចខាងក្រោមនេះ ៖